ខ្ញុំធ្លាប់បានឃើញសៀវភៅជាច្រើនរបស់ សមាគមអក្សរសិល្ប៍នូហាច តែមិនដែលបានអានសោះ។ ទើបតែម្សិលមិញ ខ្ញុំក៏ជ្រើសរើសសៀវភៅនេះមកអាន ដ...
ខ្ញុំធ្លាប់បានឃើញសៀវភៅជាច្រើនរបស់ សមាគមអក្សរសិល្ប៍នូហាច តែមិនដែលបានអានសោះ។ ទើបតែម្សិលមិញ ខ្ញុំក៏ជ្រើសរើសសៀវភៅនេះមកអាន ដើម្បីជាការកម្សាន្តនិងស្វែងយល់ពីការតែងនិពន្ធផង។ ម្សិលមិញ អង្គុយផង ឈរផង ដើរផង, អស់ពេលជិតបួនម៉ោង អានបានតែពាក់កណ្ដាលទេ។ ថ្ងៃនេះ ចំណាយពេលជាងបួនម៉ោងទៀតទើបអានចប់។ តាមពិត សៀវភៅនេះមានជាភាសាខ្មែរផងនិងបកប្រែជាភាសាអង់គ្លេសផង។ ប៉ុន្តែ ខ្ញុំអានតែភាសាខ្មែរទេ។ សង្ឃឹមថា លើកក្រោយនឹងបានអានជាភាសាអង់គ្លេសម្ដងទៀត។
សៀវភៅ «កម្រងស្នាដៃអក្សរសិល្ប៍ខ្មែរ បែបទំនើប» នេះជាកម្រងវណ្ណកម្មដែលធ្លាប់បានជាប់ក្នុងការប្រកួតប្រជែងជ័យលាភីពី សមាគមអក្សរសិល្ប៍ នូ ហាច។ ស្នាដៃភាគច្រើនមានទំនោរទៅរកគោលគំនិតនៃការសរសេរបែបថ្មី ដែលខុសពីការសរសេរបែបលក្ខណៈប្រពៃណី ដូចប្រសាសន៍របស់អ្នកស្រី បណ្ឌិត ធារី សេហ្វឹ យ៉ាម៉ាដា ក្នុងអារម្ភកថាដែលខ្ញុំបានស្រង់ខាងក្រោមនេះស្រាប់។
(បើសរសេរតទៅទៀតក៏មិនបានចប់សព្វគ្រប់ដែរ ព្រោះជិតដល់ម៉ោងគេងហើយ។ អ៊ីចឹង ចាំសរសេរបន្តនៅថ្ងៃស្អែកចុះ!)
(អរុណសួស្ដី! បន្តទៀត...)
ខ្ញុំសុំបង្ហាញទស្សនៈទាក់ទងនឹងការវិវត្តនៃរចនាបទក្នុងការតែងនិពន្ធនេះ។ ខ្ញុំឯកភាពនឹងអ្នកស្រីបណ្ឌិតថា សំណង់ប្រយោគនៃការនិពន្ធបែបប្រពៃណីពិតជាមានលក្ខណៈសាំញ៉ាំពិបាកយល់បន្តិចមែន។ ប៉ុន្តែ សិល្ប៍វិធីពណ៌នានៅតែជារឿងមួយដ៏សំខាន់ក្នុងការតែងនិពន្ធ។ ការវិវត្តនៃការតែងនិពន្ធ ដោយកាត់បន្ថយការពណ៌នា ហើយបន្ថែមមកវិញនូវការសន្ទនានៃតួអង្គ, ជាការវិវត្តមួយដែលមានទំនោរទៅរកការតែងនិពន្ធបែបបស្ចិមប្រទេស។ ខ្ញុំមិនបដិសេធចោលនូវទំនោរនៃការតែងនិពន្ធថ្មីនេះទេ តែការពណ៌នានៅក្នុងបទនិពន្ធនៅតែជារឿងដែលខ្ញុំចាប់អារម្មណ៍។ សម្រាប់ខ្ញុំ ក្នុងនាមជាអ្នកអានម្នាក់ ខ្ញុំយល់ថា សិល្ប៍វិធីនៃការពណ៌នាពិតជាសំខាន់ណាស់ ក្នុងការបង្កើតនូវរូបារម្មណ៍ផ្សេងៗ ដែលធ្វើឲ្យអ្នកអានជក់ចិត្តជក់អារម្មណ៍ ដ្បិតអីការពណ៌នាបានផ្ដល់ឲ្យអ្នកអាននូវសំណង់រូបភាពអរូបីដ៏ស្រស់ត្រកាល។ ខ្ញុំនៅតែជក់ចិត្តនឹងការពណ៌នាដ៏វែងអន្លាយប្រកបដោយរូបារម្មណ៍ ដែលធ្វើឲ្យអារម្មណ៍ខ្ញុំអណ្ដែតត្រសែតតាមការរៀបរាប់របស់អ្នកនិពន្ធ។
ជារួម ខ្ញុំគិតថា សៀវភៅជាវិភាគទានដ៏សំខាន់ក្នុងការឆ្លុះបញ្ចាំងពីដំណើរវិវត្តនៃសង្គមបច្ចុប្បន្ន។ លើសពីនេះទៀត សៀវភៅនេះជាទុនដ៏សំខាន់សម្រាប់អ្នកដែលចង់ស្វែងយល់ពីការតែងនិពន្ធ ដ្បិតអីសុទ្ធតែជាស្នាដៃល្អៗដែលកម្របានជួប។ អានសៀវភៅនេះហើយ ខ្ញុំជាប់ចិត្តជាមួយសាច់រឿងជាច្រើន។ រឿងដែលខ្ញុំចូលចិត្តបំផុតរួមមាន «រឿងកាបូបលុយ» «រឿងសម្លាប់ខ្លួន» «រឿងផ្លូវងងឹត» និង «រឿងចុងរដូវផ្កាមាស» ជាដើម។
«រឿងកាបូប» ជាស្នាដៃរបស់លោក សុខ ចាន់ផល។ រឿងនេះបានឆក់ទាញយកចំណាប់អារម្មណ៍ខ្ញុំជាខ្លាំង។ ការពិត ខ្ញុំចាប់ផ្ដើមស្រលាញ់និងចូលចិត្តអ្នកនិពន្ធរូបនេះ ចាប់តាំងពីពេលដែលខ្ញុំបានអានប្រលោមលោក «ខែរងា» របស់លោកកាលពីខែមុន។ ខ្ញុំប្រាកដក្នុងចិត្តណាស់ថា នេះមិនមែនមកពីអារម្មណ៍ខ្ញុំចូលចិត្តលោកទើបនិយាយថាស្នាដៃ «រឿងកាបូប» នេះជាស្នាដៃដ៏ល្អវិសេសនោះទេ។ «រឿងសម្លាប់ខ្លួន» របស់កញ្ញា សេង ច័ន្ទមុនីរតន៍ ក៏ជារឿងមួយដ៏គួរឲ្យជក់ចិត្តដែរ។ ខ្ញុំនឹកស្ងើចសរសើរអ្នកនិពន្ធស្រីវ័យក្មេងរូបនេះដែលមានសមត្ថភាពដ៏គួរឲ្យកោតសរសើរក្រៃលែង។ តាមរយៈសៀវភៅនេះ ដែលបានបញ្ជាក់នៅខាងលើនៃអត្ថបទរឿង បានបញ្ជាក់ថា កញ្ញាបានចាប់ផ្ដើមសរសេរប្រលោមលោកដំបូងនៅអាយុ១២ឆ្នាំ។ រឿងដែលកញ្ញាសរសេរនេះមានទាំងការលេងសើចខ្លះ រួមនឹងគំនិតអប់រំដ៏ជ្រាលជ្រៅទៀតផង។ ចំណែកឯ «រឿងផ្លូវងងឹត» របស់លោក ប៉ែន ឈន់ ក៏ល្អគួរឲ្យចាប់ចិត្តណាស់ដែរ។ ទំហំរឿងវែងជាងគេបន្តិច តែបង្កប់ដោយសារជាច្រើន។ អ្វីដែលពិសេសនោះ គឺលោកបានលាយបញ្ចូលនូវឆុតឆាកស្នេហាដ៏ស្រពេចស្រពិល រកកន្លែងចប់មិនឃើញឡើយ។ «រឿងចុងរដូវផ្កាមាស» របស់លោក ណុច សកុណា ជារឿងមួយដែលបង្កប់នូវសារអប់រំនិងរិះគន់យ៉ាងចំៗ។ ខ្ញុំអានរឿងនេះហើយ ទើបភ្ញាក់ខ្លួនសួរខ្លួនឯងថា ហេតុអ្វីបានជាស្ត្រីនៅតែជាជនរងគ្រោះ បើគ្រប់ៗគ្នានិយាយលើកតម្កើងស្ត្រីសុទ្ធតែពាក្យពីរោះស្ដាប់ឥតគណនានោះ? តើទាំងហ្នឹងគ្រាន់តែជាសម្ដីនិយាយឲ្យពីរោះស្ដាប់ឬយ៉ាងណា? ខ្ញុំយល់ថា ត្រឹមនិយាយឲ្យពីរោះស្ដាប់មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ មើលស្ត្រីទូទៅ ក្នុងកែវភ្នែកដែលប្រកបដោយការគោរពស្រលាញ់ ក្នុងនាមជាម្ដាយ ជាបង ជាប្អូន ឬជាមនុស្សដែលយើងស្រលាញ់, នេះជារឿងដ៏សំខាន់ដែលមនុស្សម្នាក់ៗត្រូវប្រតិបត្តិ។
ខ្ញុំសូមបញ្ចប់អត្ថបទនេះប៉ុណ្ណឹងទៅចុះ! បើចង់ជ្រាបច្បាស់ពីកម្រងស្នាដៃដ៏វិសេសនេះ សូមអស់លោកអ្នកអញ្ជើញរកទិញអានដោយខ្លួនឯងចុះ។ សង្ឃឹមថា អ្នកនឹងជក់ចិត្តជាមួយសៀវភៅនេះដូចជារូបខ្ញុំដែរ...
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4326 N68 2014
កម្រងស្នាដៃអក្សរសិល្ប៍ខ្មែរ បែបទំនើប |
(បើសរសេរតទៅទៀតក៏មិនបានចប់សព្វគ្រប់ដែរ ព្រោះជិតដល់ម៉ោងគេងហើយ។ អ៊ីចឹង ចាំសរសេរបន្តនៅថ្ងៃស្អែកចុះ!)
Pre #1 |
Pre #2 |
Pre #3 |

មតិយោបល់