ខ្ញុំឃើញសៀវភៅនេះនៅក្នុងបណ្ណាល័យសាលារបស់ខ្ញុំ។ ក្រោយអានសៀវភៅ « យលសប្ដិ » ដែលជាស្នាដៃរបស់លោកដែរនោះចប់ ខ្ញុំគ្រោងនឹងអានសៀ...
ខ្ញុំឃើញសៀវភៅនេះនៅក្នុងបណ្ណាល័យសាលារបស់ខ្ញុំ។ ក្រោយអានសៀវភៅ «យលសប្ដិ» ដែលជាស្នាដៃរបស់លោកដែរនោះចប់ ខ្ញុំគ្រោងនឹងអានសៀវភៅនេះបន្តទៀត។ មិនដូចការគ្រោងទុកទេ... ខ្ញុំបែរជាជាប់រវល់អានសៀវភៅផ្សេងទៅវិញ ហើយទើបតែបញ្ចប់សៀវភៅនេះកាលពីម្សិលមិញនេះឯង។ ខ្ញុំឆ្លៀតពេលទំនេរខ្លះបន្ទាប់ពីការងារផ្ទាល់ខ្លួនអស់ពេលពីរថ្ងៃទើបអានចប់។ ខ្ញុំអានដោយរំលងមាតិកា «ចង្កៀងនិទានរឿងខ្មោច» ចោល ហើយបែរទៅអានកម្រងរឿងខ្លីៗនិងប្រវត្តិអ្នកនិពន្ធមុនវិញ។ លុះអានចប់ ទើបត្រលប់មកអានមាតិកាខាងដើមដែលបានរំលងហ្នឹងវិញ។ ការពិត «ចង្កៀងនិទានរឿងខ្មោច» គ្រាន់តែជារឿងដែលមានលក្ខណៈកំប្លុកកំប្លែងទេ មិនមែនជារឿងខ្មោចដែលគួរឲ្យខ្លាចដូចអ្វីដែលខ្ញុំបានគិតទុកមុននោះទេ។ ហាស! អ្នកនិពន្ធរូបនេះតែងតែអ៊ីចឹង ចូលចិត្តណាស់រឿងធ្វើឲ្យខ្ញុំស្មានខុសហ្នឹង។ បណ្ដារឿងរឿងខ្លីក្នុងសៀវភៅនេះ មានរឿងខ្លីខ្លះ ខ្ញុំធ្លាប់បានអានរួចមកហើយ តែខ្ញុំនៅតែអានម្ដងទៀត ព្រោះចូលចិត្តស្នាដៃរបស់លោក។ ខ្ញុំចាប់អារម្មណ៍លើការយល់ឃើញរបស់លោកទាក់ទងនឹងផ្នែកតែងនិពន្ធ។ លើសពីនេះទៀត លោកបានពណ៌នាពីប្រវត្តិរបស់លោកដាក់ក្នុងសៀវភៅនេះទៀត ដែលនេះក៏ជាចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ ហើយដាក់អារម្មណ៍អានយ៉ាងជក់ចិត្ត។ អានប្រវត្តិលោកហើយ ខ្ញុំនឹកស្ងើចសរសើរលោកយ៉ាងក្រៃលែង។ ជីវិតដ៏កម្សត់របស់លោករសាត់អណ្ដែតគ្រប់ទិសទី ហាក់គ្មានកោះគ្មានត្រើយអ្វីឡើយ។ ចុងក្រោយ លោកនៅតែបន្តជីវិតជាមួយការខិតខំតស៊ូរហូតមានជោគជ័យដូចសព្វថ្ងៃ។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PZ 7 S65 2011
Cover |
ខ្ញុំមិនចង់អធិប្បាយអ្វីឲ្យវែងបន្តទៀតទេ។ បើលោកអ្នកចង់ស្វែងយល់ពីស្នាដៃរបស់អ្នកនិពន្ធរូបនេះ សូមរកទិញសៀវភៅនេះអានដោយខ្លួនឯងចុះ ដើម្បីបានជាការលើកតម្កើងនិងឲ្យតម្លៃដល់ស្នាដៃរបស់អ្នកនិពន្ធ។ ដោយយល់ឃើញថា ការយល់ឃើញរបស់លោកលើការតែងនិពន្ធ និង ជីវប្រវត្តិរបស់លោក ជាចំណុចសំខាន់ប្រកបដោយគតិនិងបទពិសោធន៍សម្រាប់អ្នកអាន ខ្ញុំក៏ស្រង់យកអត្ថបទទាំងនោះចុះផ្សាយជូនអានក្នុងអត្ថបទដាច់ដោយឡែកពីរទៀត។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PZ 7 S65 2011
មតិយោបល់