ខ្ញុំធ្លាប់ឃើញភិក្ខុដែលធ្លាប់រៀនជាមួយខ្ញុំ អានសៀវភៅនេះប្រហែលមួយឆ្នាំមុន។ ដោយជាប់ចិត្តនឹងការនិពន្ធរបស់ លោក(បងប្រុស) សុខ ...
ខ្ញុំធ្លាប់ឃើញភិក្ខុដែលធ្លាប់រៀនជាមួយខ្ញុំ អានសៀវភៅនេះប្រហែលមួយឆ្នាំមុន។ ដោយជាប់ចិត្តនឹងការនិពន្ធរបស់ លោក(បងប្រុស) សុខ ចាន់ផល ទើបខ្ញុំស្វែងរកសៀវភៅនេះមកអានបន្តកំដរអារម្មណ៍ដ៏មហារប៉ិលរប៉ូចរបស់ខ្ញុំ។ ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីរសៀលម្សិលមិញ។អានបានជិតពាក់កណ្ដាលក៏ត្រូវឈប់អានសិន ព្រោះមានការរវល់ជាមួយមិត្តភ័ក្ដិ។ ខ្ញុំគិតថានឹងអានបន្ត ស្រាប់តែមិត្តខ្ញុំម្នាក់ទៀតហៅទូរស័ព្ទមក ដើម្បីបបួលទៅដើរលេងមុខវត្តបទុម។ ខ្ញុំក៏ប្រញាប់ប្រញាល់យកសៀវភៅនេះទៅទុក ដើម្បីងាយអាននៅថ្ងៃក្រោយទៀត ដ្បិតអីនេះជាសៀវភៅក្នុងបណ្ណាល័យសាលា។ ដល់ព្រឹកឡើង ខ្ញុំក៏ចាប់សៀវភៅ «កាដូបច្ចុប្បន្នកាល» មកអានដើម្បីកុំឲ្យខាតពេល ព្រោះសៀវភៅ «យល់សប្ដិ» ហ្នឹងនៅសាលាឯណោះ។ អានសៀវភៅ «កាដូបច្ចុប្បន្នកាល» ជិតចប់មិត្តខ្ញុំហៅទូរស័ព្ទមក ដើម្បីបបួលខ្ញុំមកសាលា។ ខ្ញុំសន្យានឹងគេថាមកសាលានៅម៉ោង ១១ ហើយឆ្លៀតបបួលគេឆៀងទៅរកទិញសៀវភៅជិតវត្តលង្កាផង។
អូ! មុនហ្នឹងកំពុងសរសេរនៅសាលា ឥឡូវមកផ្ទះវិញហើយ។ និយាយបន្តទៀត! គឺថាគម្រោងមិនដូចជាការពិតទេ។ ទិញសៀវភៅគ្មានបានមួយក្បាលទេ ព្រោះម្ចាស់តូបមិននៅ នៅតែមីងម្នាក់ដែលទទួលបញ្ញើពីម្ចាស់តូបឲ្យជួយមើល។ ចុងបញ្ចប់ ទិញបានប៊ិកម្នាក់ពីរដើម ដើម្បីកុំឲ្យម្ចាស់តូបអន់ចិត្ត ដ្បិតអីបានចូលហើយមិនទិញអីសោះដូចជាមិនសម។
ទៅដល់សាលា ខ្ញុំប្រឹងអានសៀវភៅ «កាដូបច្ចុប្បន្នកាល» បន្ត។ រួចខ្ញុំក៏សរសេរអត្ថបទពីសៀវភៅហ្នឹងដូចទម្លាប់រាល់ដង ដែលតែងតែសរសេរពីអ្វីដែលខ្ញុំបានអានរួច។ សរសេរចប់សព្វគ្រប់ ខ្ញុំក៏ប្រញាប់ទៅកន្លែងចាស់ ដើម្បីយកសៀវភៅ «យល់សប្ដិ» មកអាន។ អានទាល់តែដល់ម៉ោងជិត ៧ ទើបចប់។
ហាស! ហាស! អានស្នាដៃលោក សុខ ចាន់ផល យូរទៅ ខ្ញុំកាន់តែចូលចិត្តគាត់ឡើង។ ផ្នែកដំបូង សុទ្ធតែជារឿងខ្លីៗ ហើយផ្នែកខាងក្រោយជាកម្រងកំណត់ហេតុផ្ទាល់ខ្លួនរបស់លោក។ តាមរយៈចំណងជើងសៀវភៅ ខ្ញុំសង្ស័យណាស់ទៅហើយ...។ អានចប់មួយរឿងដំបូង ខ្ញុំហួសចិត្តណាស់ ព្រោះគ្រប់យ៉ាងជាការបំភាន់ភ្នែករបស់អ្នកនិពន្ធដោយយកការយល់សប្ដិធ្វើជារនាំងបិទបាំង។ ខំតែគិតផ្ដេសផ្ដាស ការពិតជាយល់សប្ដិសោះ។ រាល់លើកចាញ់បោកអ្នកនិពន្ធតែអារឿងអ៊ីចឹងៗ។ នៅមានរឿងគួរឲ្យអស់សំណើចមួយទៀត គឺថាអ្នកនិពន្ធបានបោកឲ្យខ្ញុំខំអាន រឿង "អ្នកណាចាប់រំលោភនាងលក្ខណ៍" ទាំងចិត្តងឿងឆ្ងល់ ដើម្បីរកមុខជនល្មើស។ ចុងក្រោយ ទើបដឹងថាអ្នកនិពន្ធបានបោកខ្ញុំបានសម្រេចម្ដងទៀតហើយ។ ខ្ញុំអានឃ្លាចុងក្រោយនៃសាច់រឿងបីដងទើបយល់។ ចង់ដឹងអត់ថាវាហួសចិត្តយ៉ាងម៉េច? អ៊ីចឹង រកទិញសៀវភៅហ្នឹងអានទៅនឹងបានដឹងហើយ។ ផុតពីរឿងហួសចិត្ត ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍រឿងមួយទៀត ដែលដាក់ចំណងជើងថា «ធម្មជាតិបៃតង»។ រឿងនេះធ្វើឲ្យខ្ញុំកាន់តែមានមនោសញ្ចេតនាជាមួយធម្មជាតិជាខ្លាំង។ អូ! ភ្លេចប្រាប់... រឿងខ្លីៗទាំងអស់ហ្នឹងសុទ្ធតែមានជាប់ទាក់ទងនឹងពាក្យថា យល់សប្ដិ ទាំងអស់។ ខ្ញុំចាប់ផ្ដើមគិតដូចមុនថា ខ្ញុំនិងអ្នកនិពន្ធមានការគិតនិងមនោសញ្ចេតនាស្រដៀងគ្នាជាខ្លាំង។ អត្ថបទកំណត់ហេតុរបស់លោកភាគច្រើន បង្ហាញពីអារម្មណ៍ មនោសញ្ចេតនា និងការគិតដូចអ្វីដែលខ្ញុំធ្លាប់មានដែរ។ ខ្ញុំសារភាពថា ខ្ញុំចូលចិត្តលោកខ្លាំងណាស់!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328 S64 2013
ទៅដល់សាលា ខ្ញុំប្រឹងអានសៀវភៅ «កាដូបច្ចុប្បន្នកាល» បន្ត។ រួចខ្ញុំក៏សរសេរអត្ថបទពីសៀវភៅហ្នឹងដូចទម្លាប់រាល់ដង ដែលតែងតែសរសេរពីអ្វីដែលខ្ញុំបានអានរួច។ សរសេរចប់សព្វគ្រប់ ខ្ញុំក៏ប្រញាប់ទៅកន្លែងចាស់ ដើម្បីយកសៀវភៅ «យល់សប្ដិ» មកអាន។ អានទាល់តែដល់ម៉ោងជិត ៧ ទើបចប់។
មាតិកា |
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328 S64 2013
មតិយោបល់