១. តើជនជាតិខ្មែរមានដើមកំណើតមកពីណា? ២. តើជនជាតិថៃមានដើមកំណើតមកពីណា? ៣. តើកម្ពុជានិងថៃពិតជាបងប្អូនបង្កើតនឹងគ្នាមែនឬទេ?
លោក មុំសេនីប្រាមោជ មេធាវីថៃក្នុងរឿងក្ដីប្រាសាទព្រះវិហារ បានលើកឡើងថា “ខមឬខ្មែរ” ជាជនជាតិអម្បូរឥណ្ឌា(មកពីឥណ្ឌា)។ ឯជនជាតិ ថៃ ដែលមានដើមកំណើតនៅខេត្ត យូណាន ភាគខាងត្បូងប្រទេសចិន បានចូលមកវាយយកដោយជោគជ័យលើពួក ខមឬខ្មែរ រហូតពួកនេះត្រឡប់ទៅឥណ្ឌាវិញ។
ដែនដីដែលកាលពីដើមពួក ខមឬខ្មែរ តាំងនៅ ក៏ក្លាយទៅជាដីថៃ ហើយជនជាតិថៃក៏បែងចែកខ្លួនឯងជាពីរក្រុម, ក្រុមទី១ បានមកតាំងទីនៅតំបន់ទំនាបដែលគេឲ្យឈ្មោះសព្វថ្ងៃថា “កម្ពុជា”, ឯមួយក្រុមទៀតតាំងទីនៅតំបន់ខ្ពស់ ហើយនៅថែរក្សាឈ្មោះ “ថៃ” ដដែល។
សំណួរ
១- តើជនជាតិខ្មែរមានដើមកំណើតមកពីណា?
២- តើជនជាតិថៃមានដើមកំណើតមកពីណា?
៣- តើកម្ពុជានិងថៃពិតជាបងប្អូនបង្កើតនឹងគ្នាមែនឬទេ?
មាតិកា
១- សេចក្ដីផ្ដើម
២- តើជនជាតិខ្មែរមានដើមកំណើតមកពីណា?
៣- តើជនជាតិថៃមានដើមកំណើតមកពីណា?
៤- តើកម្ពុជានិងថៃពិតជាបងប្អូនបង្កើតនឹងគ្នាមែនឬទេ?
៥- សេចក្ដីសន្និដ្ឋាន
៦- ឯកសារយោង
១- សេចក្ដីផ្ដើម
ប្រវត្តិសាស្ត្រ គឺជាគោលចារឹកប្រចាំជាតិនីមួយៗ។ គេអាចស្គាល់ពីអតីតកាល ក៏ដូចជាដំណើរវិវត្តនៃជាតិមួយតាមរយៈប្រវត្តិសាស្ត្រនេះឯង។ ចំណែកឯខ្មែរយើង ក៏មានប្រវត្តិសាស្ត្រប្រចាំជាតិរបស់ខ្លួនដែរ។ អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ បានពិពណ៌នាពន្យល់ជាច្រើនអំពីប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ខ្មែរ។ យ៉ាងណាក៏ដោយ ក្នុងការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្ររបស់ជាតិមួយមានបញ្ហាជាច្រើនបានចោទឡើង។ ក្នុងនោះដែរ អ្នកសិក្សាស្រាវជ្រាវខ្លះបានភ្ជាប់ជាតិមួយទៅនឹងជាតិមួយទៀត។ យ៉ាងណាមិញ គេក៏សង្កេតឃើញបញ្ហានេះចោទឡើងលើការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរផងដែរ។ ជាយូរលង់ណាស់មកហើយ គេបានផ្សារភ្ជាប់ជាតិខ្មែរទៅនឹងឥណ្ឌា។ រហូតដល់ពេលថ្មីៗនេះ គេសង្កេតឃើញមានការផ្សារភ្ជាប់កម្ពុជាទៅនឹងថៃថែមទៀត។ តើជនជាតិខ្មែរមានដើមកំណើតមកពីណា? តើកម្ពុជានិងថៃពិតជាបងប្អូនបង្កើតនឹងគ្នាមែនឬទេ? ដើម្បីស្រាយបញ្ហាទាំងនេះ យើងគប្បីស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរឲ្យបានច្បាស់ជាមុនសិន។ រួចបន្តសិក្សាស្វែងយល់អំពីជាតិដទៃ ដើម្បីវែកញែករកការពិតតាមរយៈទិដ្ឋភាពប្រវត្តិសាស្ត្រ។
២- តើជនជាតិខ្មែរមានដើមកំណើតមកពីណា?
ក្នុងការសិក្សាពីដើមកំណើតជាតិខ្មែរ គេកត់សម្គាល់ឃើញមានភស្តុតាងជាច្រើន មានទាំងភស្តុតាងដែលគេបានកត់ត្រាឬសរេសរចារជាឯកសារផង និងការនិទានតៗគ្នាផង។ គេសង្កេតឃើញការពិពណ៌នាអំពីបុព្វប្រវត្តិសាស្ត្រខ្មែរ ដែលជាឫសគល់នៃដើមកំណើតជាតិខ្មែរ ផ្ដើមចេញពីព្រះមហាក្សត្រខ្មែរនៃទឹកដីនគរគោកធ្លក។
បើនិយាយពីដើមកំណើត ការកកើតទឹកដីខ្មែរ គេតែងលើកភស្តុតាងតាមការនិទានដំណាលតៗគ្នាមក អំពីព្រះថោង និងនាងនាគ។ គេបានយល់ជ្រួតជ្រាបថា ព្រះថោង និងនាងនាគជាបឋមក្សត្រខ្មែរ ដែលបានសោយរាជ្យនៅលើទឹកដីនគរគោកធ្លក។ ក្នុងនោះដែរ គេក៏សង្កេតឃើញប្រវត្តិនិងទំនៀមទម្លាប់ព្រះថោងនាងនាគ បានដិតដាមជាប់ជានិច្ចនៅក្នុងសង្គមជាតិខ្មែរ។ ដូចជាក្នុងពិធីរៀបមង្គលការ មានតាំងពីការស្លៀកពាក់ ដែលបានរំលឹកឡើងពីប្រវត្តិជាប់ទាក់ទងនឹងនិមិត្តរូបក្នុងការបង្កបង្កើតគ្រួសារ ក៏ដូចជាបង្ហាញយ៉ាងជាក់ច្បាស់នូវប្រវត្តិដើមកំណើតជាតិខ្មែរទឹកដីនគរគោកធ្លក។ លើសពីនេះទៅទៀត គេអាចស្គាល់អំពីប្រវត្តិសាស្ត្រខ្មែរនាដើមសតវត្សទី១ តាមរយៈឯកសារកត់សម្គាល់មួយចំនួនរបស់អ្នកដំណើរចិនដែលបានមកដល់ស្រុកខ្មែរក្នុងសតវត្សទី៣ ស្ដីពីនគរហ្វូណន។ ប្រវត្តិវិទូផ្សេងៗបានសន្និដ្ឋានដោយផ្អែកលើសិលាចារឹក ថាពាក្យ ហ្វូណន ក្លាយមកពីពាក្យ ភ្នំ។ ដែលនគរភ្នំនេះឯងជាស្រុកខ្មែរជំនាន់ដើម។ ឯកសារចិននេះទៀតសោត គេសង្កេតឃើញមានភាពស្របគ្នាដោយអន្លើទៅនឹងភស្តុតាងតាមការនិទានដំណាលតៗគ្នា នៃការកកើតទឹកដីខ្មែរ ដែលបង្ហាញពីកំណើតរបស់ជាតិខ្មែរ លើទឹកដីរបស់ខ្លួន(នគរគោកធ្លក)។
មកដល់ចំណុចនេះ យើងបានដឹងហើយថា ខ្មែរចាប់ផ្ដើមមានតម្រុយប្រវត្តិសាស្ត្រចាប់តាំងពីសម័យនគរហ្វូណនឬនគរភ្នំនេះឯង។ ទោះជាយ៉ាងណា គេនៅមិនទាន់ហ៊ានសន្និដ្ឋានថាខ្មែរមានដើមកំណើតមកពីណានៅឡើយ។ ត្រង់ចំណុចនេះផងដែរ គេឃើញមានបញ្ហាជាច្រើនបានចោទឡើង។ មានមតិជាច្រើន ស្ដីអំពីដើមកំណើតខ្មែរសម័យបុព្វប្រវត្តិសាស្ត្រនេះ។
មតិខ្លះថា ខ្មែរជាជនជាតិអន្តោប្រវេសន៍ចេញពីឥណ្ឌា ឬថាខ្មែរនិងឥណ្ឌាជាជនជាតិតែមួយ(ខ្មែរជាឥណ្ឌាទី២) ដោយសំអាងទៅលើទឡ្ហីករណ៍ផ្សេងៗ និងភស្តុតាងនៃការមកដល់របស់ព្រះបាទកៅណ្ឌិន្យ នៅសតវត្សទី១នៃគ្រិស្តសករាជ។ តើខ្មែរជាឥណ្ឌាមែន ឬយ៉ាងណា? ចំពោះមតិនេះ បើពិនិត្យទៅលើទិដ្ឋភាព វប្បធម៌-អរិយធម៌ឃើញថា មានភាពសមស្របដែរ។ រាប់ចាប់តាំងពី ភាសា អក្សរ សាសនា និងទំនៀមទម្លាប់ប្រពៃណី ហាក់មានភាពស្របគ្នានឹងឥណ្ឌា។
តែបើពិនិត្យឲ្យបានស៊ីជម្រៅទៅ ឃើញមានទឡ្ហីករណ៍ជាច្រើនដែលបញ្ជាក់ថា ខ្មែរមិនមែនជាឥណ្ឌា។ ថ្វីត្បិតតែខ្មែរទទួលឥទ្ធិពលវប្បធម៌ដ៏ច្រើនលើសលប់ពីឥណ្ឌា តែគេសង្កេតឃើញថា ខ្មែរមានវប្បធម៌ដើមកំណើតរបស់ខ្លួនតាំងពីមុនការហូរចូលនៃវប្បធម៌ឥណ្ឌាមកម្ល៉េះ។ ឯកសារចិន ដែលរៀបរាប់ពីនគរហ្វូណន ក៏បានបញ្ជាក់ដែរថា នៅនគរមានស្ដេចស្រីមួយអង្គសោយរាជ្យ ហើយគេសន្និដ្ឋានថាគឺជាតួអង្គដែលខ្មែរហៅថា នាងនាគ នេះឯង។ នេះបញ្ជាក់ថា ខ្មែរមិនមែនជាឥណ្ឌាឡើយ។ ការណ៍នេះ ស្របទៅនឹងទស្សនៈខ្មែរ ដែលសំអាងទៅលើរឿងព្រេង លុះត្រាតែមានជាតិខ្មែរ(នាងនាគ) ទើបឥណ្ឌា(ព្រះថោង) អាចផ្សាយវប្បធម៌របស់ខ្លួនចូលក្នុងស្រុកខ្មែរ។ ហើយបើតាមការស្រាវជ្រាវអំពីជីវភាពក្នុងសម័យបុព្វប្រវត្តិសាស្ត្រ ជនជាតិខ្មែរបានបង្ហាញឲ្យឃើញថាមានលក្ខណៈជារបៀបអរិយធម៌អូស្ត្រូអាស៊ី ដែលជាអរិយធម៌ដែលមានតាំងពីមុនការមកដល់នៃជនជាតិឥណ្ឌា។
ម្យ៉ាងទៀត បើពិនិត្យលើភស្តុតាងអំពីការប្រៀបធៀបកម្ពស់ និងសន្ទស្សន៍លលាដ៍ក្បាល បញ្ជាក់ថា ខ្មែរមិនមែនជាឥណ្ឌាទេ។ ការប្រៀបធៀបឃើញថា ខ្មែរនិងឥណ្ឌាមានភាពខុសពីគ្នាស្រឡះ។ ខ្មែរមានកម្ពស់មធ្យម ១.៦១ម និងសន្ទស្សន៍លលាដ៍ក្បាល(ក្បាលមូល) ៨៤.៥ រីឯឥណ្ឌាមានកម្ពស់មធ្យម ១.៧២ម (ឥណ្ឌាស), ១.៦១ម(ឥណ្ឌាខ្មៅ) និងសន្ទស្សន៍លលាដ៍ក្បាល(ក្បាលពយ) ៧៣.៨(ឥណ្ឌាស), ៧៦.២(ឥណ្ឌាខ្មៅ)។ តែបើប្រៀបធៀបខ្មែរនឹងមនវិញ ឃើញថា មានភាពសមស្របគ្នា។ មនមានកម្ពស់មធ្យម ១.៦២ម និងសន្ទស្សន៍លលាដ៍ក្បាល(ក្បាលមូល) ៨៥.៦។ ភស្តុតាងនេះបញ្ជាក់ថា ខ្មែរមិនមែនជាឥណ្ឌានោះទេ។ ការណ៍នេះ ស្របទៅនឹងទស្សនៈ ដែលថា ខ្មែរជាជាតិពិសេសមួយស្ថិតក្នុងអម្បូរមន-ខ្មែរ។ ការប្រៀបធៀបនេះជាទឡ្ហីករណ៍ប្រាកដនិយមមួយដែលបញ្ជាក់ថា ខ្មែរមិនមែនជាឥណ្ឌា ហើយមានលក្ខណៈវិទ្យាសាស្ត្រដែលល្មមអាចទទួលយកបាន។
ទោះជាយ៉ាងណា គេនៅតែមានមន្ទិលសង្ស័យថា តើជនជាតិខ្មែរដែលរស់នៅលើទឹកដីនេះ ទើបតែចូកមករស់នៅ ឬក៏មានដើមកំណើតនៅលើទឹកដីរបស់ខ្លួន? តាមការសិក្សាស្រាវជ្រាវលើស្ថានីយបុរេប្រវត្តិសាស្ដ្រ គេបានដឹងថា ទឹកដីដែលខ្មែររស់នៅនេះ ចាប់មានមនុស្សរស់នៅតាំងពី ៤០០០ ឬ៦០០០ឆ្នាំមុនគ្រិស្តសករាជមកម្លេះ។ ការសិក្សាជាបន្តបន្ទាប់ចាប់ផ្ដើមមានពន្លឺ ដែលបញ្ជាក់ថា ខ្មែរជាជនជាតិមួយដែលមានដើមកំណើតនៅលើទឹកដីរបស់ខ្លួន។ ដោយគេបានរកឃើញរបស់របរប្រើប្រាស់ នៅក្នុងបណ្ដាស្ថានីយបុរេប្រវត្តិសាស្រ្ដ ដែលបញ្ជាក់ថាជារបស់ខ្មែរ។ គេសង្កេតឃើញភស្តុតាងទាំងនោះមានប្រាកដពិតនៅក្នុងសង្គមខ្មែរ ដែលបញ្ជាក់ថា ជនជាតិដែលកើតមានតាំងពីពេលនោះ គ្មានជាតិណាក្រៅពីខ្មែរឡើយ។ លើសពីនេះទៅទៀត គេបានប្រៀបធៀបទំនៀមទម្លាប់ប្រពៃណីនៃមនុស្សដើមទៅនឹងមនុស្សខ្មែរតាមរយៈស្ថានីយបុរេប្រវត្តិសាស្រ្ត ឃើញមានលក្ខណៈសមស្របដែលបញ្ជាក់ថា ខ្មែរមានដើមកំណើតនៅលើទឹកដីនេះ។
ដូចនេះ ខ្មែរគឺជាជាតិមួយដែលមានទឹកដីដែលជារបស់ខ្លួន។ ជនជាតិខ្មែរមានដើមកំណើតនៅលើទឹកដីរបស់ខ្លួន ហើយជនជាតិខ្មែរមិនមែនជាជនអន្តោប្រវេសន៍មកពីតំបន់ណាមួយឡើយ។
៣- តើជនជាតិថៃមានដើមកំណើតមកពីណា?
មានឯកសារជាច្រើនដែលបកស្រាយពីដើមកំណើតនៃជនជាតិថៃ ហើយឯកសារទាំងនោះទៀតសោត សុទ្ធតែមានខ្លឹមសារឯកភាពគ្នាស្ទើរតែទាំងស្រុង។ ក្នុងនោះដែរ ភស្តុតាងដែលអាចបញ្ជាក់ពីប្រភពនៃដើមកំណើតថៃ រាប់បញ្ចូលទាំងឯកសារប្រវត្តិសាស្ត្រខ្មែរ រួមនឹងឯកសារផ្សេងៗ ដែលនិយាយពីប្រវត្តិសាស្ត្រថៃ។បើយោងទៅតាមឯកសារប្រវត្តិសាស្ត្រខ្មែរបញ្ជាក់ថា ថៃមិនមែនជាជនជាតិដែលមានដើមកំណើតកើតនៅលើទឹកដីដែលខ្លួនកំពុងរស់នៅនោះទេ។ ពីដើមនៃបុព្វប្រវត្តិសាស្ត្រខ្មែរ គេពុំពិនិត្យឃើញមានដានប្រវត្តិសាស្ត្រ ដែលនិយាយអំពីជាតិថៃឡើយ។ ស្រដៀងគ្នានេះដែរ នៅឥណ្ឌូចិននាដើមគ្រិស្តសករាជក៏ពុំសង្កេតឃើញមានជនជាតិថៃរស់នៅដែរ។ ពេលនោះមានតែខ្មែរ ចាមឬចម្ប៉ា លាវ មន និងអណ្ណាមប៉ុណ្ណោះ។ លើសពីនេះទៅទៀត បើយោងទៅតាមកំណត់ហេតុចិន របស់លោក ជូតា កួន បានបង្ហាញថា នៅឆ្នាំ១២៩៦-១២៩៧ ជនជាតិសៀមទើបតែបានមកតាំងទីលំនៅក្នុងខេត្តសុខោទ័យ ជាអ្នកតម្បាញសូត្រ ហើយនិងចិញ្ចឹមដង្កូវនាង។
បើថៃពុំមានដើមកំណើតនៅលើទឹកដីដែលខ្លួនកំពុងរស់នៅ តើជនជាតិថៃមានដើមកំណើតមកពីណា? ឯកសារប្រវត្តិសាស្ត្រនានា បានបង្ហាញថា ថៃស្ថិតក្នុងអម្បូរ ថៃ-វៀត (Thai-Viet)។ ក្រោយការលុកលុយរបស់មេទ័ពម៉ុងហ្គោល គូលី បាយខាន់ នាឆ្នាំ១២៥៣នៃគ្រិស្តសករាជ ថៃបានបង្ខំចិត្តនិរទេសខ្លួនពីនគរ ណានចៅ (Nan Chao) ស្រុកចិនភាគខាងត្បូង មកកាន់ភូមិភាគឥណ្ឌូចិន ដែលដើមឡើយជាទឹកដីខ្មែរ។
ភស្តុតាងសិលាចារឹក “នេះស្យាមកុក” ដែលមាននៅលើជញ្ជាំងប្រាសាទអង្គរវត្ត ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ និងមានចុះលេខសារពើភណ្ឌ K298 នៅឆ្នាំ១៩១១ បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីថៃជម្លៀសខ្លួនពីប្រទេសចិន កងទ័ពថៃបានចូលបម្រើក្នុងជួរកងទ័ពខ្មែរ ដើម្បីទប់ទល់នឹងការឈ្លានពាននៃកងទ័ពចាម។
ថៃវិវត្តខ្លួនបន្តិចម្ដងៗ រហូតក្លាយជារដ្ឋឯករាជ្យ ហើយពេលខ្លះមានឥទ្ធិពលលើខ្មែរទៀតផង។ ក្រោយៗមក គេកត់សម្គាល់ឃើញមានប្រវត្តិជាប់ទាក់ទងនឹងថៃជាហូរហែក្នុងប្រវត្តិសាស្ត្រខ្មែរ ពិសេសនៅសតវត្សទី១៣។ ក្នុងនោះដែរ គេសង្កេតឃើញថា ថៃបានឈ្លានពានយកទឹកដីខ្មែរបានមួយភាគធំ នៅក្នុងកំឡុងពេលដែលអំណាចខ្មែរត្រូវបានចុះខ្សោយ ហើយថែមទាំងបានចម្លងយក ក្បួនច្បាប់ ភាសា អក្សរ និងទំនៀមទម្លាប់ប្រពៃណីពីខ្មែរ ទៅអនុវត្តថែមទៀត។
សរុបមក ថៃជាជនជាតិមួយ ដែលមានដើមកំណើតមកពីស្រុកចិនភាគខាងត្បូង។ ថៃជាជនជាតិមួយដែលទើបតែមករស់នៅលើទឹកដីនៃអ្នកស្រុកអាយ(កម្ពុជា) រួចសម្របខ្លួន និងចម្លងយកវប្បធម៌ ហើយបង្កើតជារដ្ឋឯករាជ្យ នៅក្រោយពេលដែលអំណាចខ្មែរចុះខ្សោយ។
៤- តើកម្ពុជានិងថៃពិតជាបងប្អូនបង្កើតនឹងគ្នាមែនឬទេ?
ថៃនិងកម្ពុជា ជាប្រទេសជិតខាងនឹងគ្នា ដែលមានលក្ខណៈសង្គម និងប្រពៃណីទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា។ ពីមុនគេធ្លាប់ផ្សារភ្ជាប់ខ្មែរទៅនឹងឥណ្ឌា ពោលគឺ គេសន្មតថាខ្មែរជាឥណ្ឌា ដោយផ្អែកលើសំអាងវប្បធម៌-អរិយធម៌ រួមនឹងភស្តុតាងផ្សេងៗជាច្រីនទៀត។ ចុះទស្សនៈដែលថាកម្ពុជានិងថៃជាបងប្អូនបង្កើតនឹងគ្នាជាការពិតឬយ៉ាងណា?អ្នកជាតិពន្ធុវិទ្យាបានបង្ហាញថា ជនជាតិថៃមានរាងរៅដូចទៅនឹងជនជាតិខ្មែរដែរ។ ក្នុងនោះផងដែរ គេសង្កេតឃើញមានការប្រើប្រាស់សំលៀកបំពាក់របស់ថៃទៀតសោតមានលំនាំស្រដៀងនឹងខ្មែរដែរ។ លើសពីនេះទៀត បើប្រៀបធៀបទៅលើវប្បធម៌-អរិយធម៌ នោះគេនឹងឃើញកាន់តែច្បាស់នូវលក្ខណៈស្របគ្នា។ រាប់បញ្ចូលតាំងពី ភាសា អក្សរ សាសនា និងទំនៀមទម្លាប់ប្រពៃណី គឺសុទ្ធតែមានលក្ខណៈប្រហាក់ប្រហែលគ្នា។ តើកម្ពុជានិងថៃជាបងប្អូនបង្កើតនឹងគ្នាមែនឬទេ?
បើសំអាងតែលើទិដ្ឋភាពវប្បធម៌ គេនៅមិនទាន់អាចបញ្ជាក់ថាកម្ពុជានិងថៃជាបងប្អូនបង្កើតឬយ៉ាងណាបាននោះទេ។ ជាធម្មតាវប្បធម៌តែងតែមានការហូរចូលពីជាតិមួយទៅជាតិមួយទៀត។ ស្រដៀងគ្នានេះដែរ គេសង្កេតឃើញប្រទេសជិតខាងមួយចំនួនទៀតក៏មានលក្ខណៈវប្បធម៌-អរិយធម៌ ស្រដៀងនឹងកម្ពុជាដែរ។ បើដូចនេះ តើប្រទេសដែលនៅជិតខាងកម្ពុជា សុទ្ធតែជាបងប្អូនបង្កើតនឹងកម្ពុជាឬយ៉ាងណា? ដូចនេះ គេមិនអាចសន្មតដោយផ្អែកលើទិដ្ឋភាពវប្បធម៌-អរិយធម៌នេះបានទេ។
បើសិក្សាទៅលើប្រវត្តិសាស្ត្រឃើញថា ខ្មែរជាជាតិមួយដែលរស់នៅលើទឹកដីរបស់ខ្លួនតាំងពីយូរណាស់មកហើយ។ ចំណែកឯថៃជាជាតិមួយ ដែលភៀសខ្លួនចេញពីភាគខាងត្បូងនៃប្រទេសចិន មកកាន់ដីទ្វីបអាស៊ីអាគ្នេយ៍ នៅប្រហែលសតវត្សទី១០។ ថៃបានចម្លងយកក្បួនច្បាប់ ភាសា អក្សរ និងទំនៀមទម្លាប់ប្រពៃណីជាច្រើនពីខ្មែរ ទៅអនុវត្តចាប់តាំងពីថៃនៅក្រោមការគ្រប់គ្រងរបស់ខ្មែរ រហូតដល់បង្កើតជារដ្ឋឯករាជ្យ។ គេសង្កេតឃើញវត្តមានជនជាតិថៃនៅលើទឹកដីខ្មែរ និងរីកដុះដាលមិនដាច់ចាប់តាំងពីសម័យអង្គរ។ ការជ្រកកោនរស់នៅជាមួយខ្មែររាប់ឆ្នាំ ចាប់តាំងពីចុងសតវត្សទី១៣ ធ្វើឲ្យថៃបានជ្រួតជ្រាបនូវវប្បធម៌ខ្មែរយ៉ាងស៊ីជម្រៅ។ រហូតដល់ពេលថៃរំដោះខ្លួនចេញពីការត្រួតត្រារបស់ខ្មែរ ថៃបានរៀបចំប្រទេសរបស់ខ្លួនតាមលំនាំខ្មែរទាំងស្រុង។ គេសង្កេតឃើញរបបនយោបាយ ការគ្រប់គ្រង និងសង្គមវប្បធម៌នៃជនជាតិថៃ ប្រកាន់នូវរបបរាជាធិបតេយ្យដែលបានប្រសូតចេញពីខ្មែរនៅសម័យអង្គរ។ ដោយវប្បធម៌ថៃកើតចេញពីខឿនវប្បធម៌ខ្មែរ ដូចនេះវប្បធម៌នៃជនជាតិទាំងពីរមានភាពស្រដៀងគ្នា។ ត្រង់នេះធ្វើឲ្យយើងនិយាយបានថា មូលហេតុដូចគ្នា បានផ្ដល់នូវលទ្ធផលដូចគ្នា ដែលជារូបមន្តប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ហើយថែមទាំងបង្ហាញថា កម្ពុជានិងថៃមិនមែនជាបងប្អូនបង្កើតនឹងគ្នាឡើយ។
លើសពីនេះទៀត កម្ពុជាជាជាតិស្ថិតក្នុងអម្បូរពិសេសមួយ គឺអម្បូរមន-ខ្មែរ ដែលមានដើមកំណើតនៅលើទឹកដីរបស់ខ្លួនតាំងពីយូរណាស់មកហើយ។ ចំណែកឯថៃ ជាជាតិមួយដែលស្ថិតក្នុងអម្បូរ ថៃ-វៀត (Thai-Viet) ដែលមានដើមកំណើតមកពីស្រុកចិនភាគខាងត្បូង ហើយទើបតែពង្រីកទឹកដី និងបង្កើតជារដ្ឋឯករាជ្យនៅក្រោយពេលដែលអំណាចខ្មែរចុះខ្សោយ។ បើទោះជាជនជាតិថៃមានរាងរៅដូចជនជាតិខ្មែរ ក៏គេមិនអាចសន្និដ្ឋានថា កម្ពុជានិងថៃជាបងប្អូនបង្កើតនឹងគ្នាបានឡើយ។ ព្រោះថៃបានផ្សំកាត់នឹងពូជសាសន៍នានា មានខ្មែរ មន ភូមាជាដើម។ ហើយគេក៏មិនដែលចាត់ថាជាតិទាំងនោះជាបងប្អូនបង្កើតនឹងថៃដែរ។ ម្យ៉ាងវិញទៀត នាពេលបច្ចុប្បន្នជនជាតិថៃ គឺជាជនជាតិដែលមាននិម្មិតកម្ម ឬកំពុងបង្កបង្កើតឡើងដោយមានការផ្សំកាត់នឹងពូជសាសន៍មនុស្សជាច្រើន(ពហុជាតិសាសន៍)។
ដូចនេះ កម្ពុជានិងថៃមិនមែនជាបងប្អូនបង្កើតនឹងគ្នានោះទេ។ ទោះបីពិនិត្យទៅតាមទិដ្ឋភាពវប្បធម៌-អរិយធម៌ ឬទិដ្ឋភាពប្រវត្តិសាស្ត្រក្ដីឃើញថា កម្ពុជានិងថៃជាជាតិដាច់ដោយឡែកពីគ្នាស្រឡះ។
៥- សេចក្ដីសន្និដ្ឋាន
សរុបមក ខ្មែរជាជនជាតិមួយដែលមានដើមកំណើតនៅលើទឹកដីរបស់ខ្លួនតាំពីយូរលង់ណាស់មកហើយ។ ខ្មែរមិនមែនជាឥណ្ឌា ឬជាតិអន្តោប្រវេសន៍មកពីតំបន់ណាមួយឡើយ។ ខ្មែរជាជាតិមួយស្ថិតក្នុងអម្បូរពិសេសមួយ គឺអម្បូរមន-ខ្មែរ។ បើផ្អែកលើការសិក្សាស្រាវជ្រាវផ្សេងៗ គេបានដឹងថា នៅលើឥណ្ឌូចិន ជនជាតិខ្មែរជាម្ចាស់ទឹកដីដើមបំផុត មានដើមកំណើតអាយុជាង២០សតវត្សមកហើយ មុនគ្រិស្តសករាជ។ ចំណែកឯជនជាតិថៃជាជាតិមួយដែលមានដើមកំណើតមកពីស្រុកចិនភាគខាងត្បូង។ បន្ទាប់ពីធ្វើដំណើរមកដល់ឥណ្ឌូចិន ថៃពុំមានឥទ្ធិពលអ្វីនោះទេ ពោលគឺថៃស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរ។ រហូតដល់មានភាពចុះខ្សោយនៃក្រុងអង្គរ ទើបថៃមានលទ្ធភាពរើបម្រាស់ចេញពីការគ្រប់គ្រងរបស់ខ្មែរ ហើយបានពង្រីកឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់។ ការណ៍នេះបញ្ជាក់ថា ថៃមិនមែនជាបងប្អូនបង្កើតនឹងខ្មែរនោះទេ។ ថៃគ្រាន់តែជាជាតិមួយ ដែលបានមកដណ្ដើមយកទឹកដីអ្នកស្រុកអាយ (កម្ពុជា) ហើយចម្លងយកក្បួនច្បាប់ ភាសា អក្សរ និងវប្បធម៌ប្រពៃណីទៅអនុវត្តតែប៉ុណ្ណោះ។
ការពិតនៅតែជាការពិត ពុំមានជាតិសាសន៍ណាមួយអាចបំភ្លៃ ឬក៏កែប្រែប្រវត្តិសាស្ត្របានឡើយ។ គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោក មុំសេនីប្រាមោជ មេធាវីថៃ ក្នុងរឿងក្ដីនៃប្រាសាទព្រះវិហារ ដែលថា “ខមឬខ្មែរ” ជាជនជាតិអម្បូរឥណ្ឌា (មកពីឥណ្ឌា) ដែលត្រូវបានវាយឲ្យទៅឥណ្ឌាវិញ ហើយថាកម្ពុជាសព្វថ្ងៃជាថៃនោះ ជាការលើកឡើងដែលពុំស្របនឹងទិដ្ឋភាពប្រវត្តិសាស្ត្រឡើយ។ គេធ្លាប់សង្កេតឃើញថៃធ្លាប់មានឥទ្ធិពលលើខ្មែរដែរ តែគេពុំដែលឃើញមានភស្តុតាងដែលបញ្ជាក់ថា “ខមឬខ្មែរ” ជាជនជាតិអម្បូរឥណ្ឌា ដែលត្រូវបានវាយឲ្យទៅឥណ្ឌាវិញដោយថៃទេ។ រីឯឈ្មោះប្រទេស ខ្មែរក្ដី ខមក្ដី ឬកម្ពុជាក្ដី សុទ្ធតែមានមតិនិងទស្សនៈឯកភាពគ្នាថាជាឈ្មោះជាតិតែមួយ គឺកម្ពុជាបច្ចុប្បន្ននេះឯង។ ដូចនេះ ក្នុងនាមយើងជាកូនខ្មែរត្រូវចូលរួមសិក្សា និងបណ្ដុះនូវស្មារតីថែរក្សាការពារប្រវត្តិសាស្ត្រជាតិ ដែលជាគោលចារឹកដ៏សំខាន់សម្រាប់ជាតិយើង។ យើងត្រូវចូលរួមសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជាតិយើងឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ការលើកឡើងនានាដែលពុំស្របនឹងប្រវត្តិសាស្ត្រពិតរបស់ជាតិយើង។
ការពិតនៅតែជាការពិត ពុំមានជាតិសាសន៍ណាមួយអាចបំភ្លៃ ឬក៏កែប្រែប្រវត្តិសាស្ត្របានឡើយ។ គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោក មុំសេនីប្រាមោជ មេធាវីថៃ ក្នុងរឿងក្ដីនៃប្រាសាទព្រះវិហារ ដែលថា “ខមឬខ្មែរ” ជាជនជាតិអម្បូរឥណ្ឌា (មកពីឥណ្ឌា) ដែលត្រូវបានវាយឲ្យទៅឥណ្ឌាវិញ ហើយថាកម្ពុជាសព្វថ្ងៃជាថៃនោះ ជាការលើកឡើងដែលពុំស្របនឹងទិដ្ឋភាពប្រវត្តិសាស្ត្រឡើយ។ គេធ្លាប់សង្កេតឃើញថៃធ្លាប់មានឥទ្ធិពលលើខ្មែរដែរ តែគេពុំដែលឃើញមានភស្តុតាងដែលបញ្ជាក់ថា “ខមឬខ្មែរ” ជាជនជាតិអម្បូរឥណ្ឌា ដែលត្រូវបានវាយឲ្យទៅឥណ្ឌាវិញដោយថៃទេ។ រីឯឈ្មោះប្រទេស ខ្មែរក្ដី ខមក្ដី ឬកម្ពុជាក្ដី សុទ្ធតែមានមតិនិងទស្សនៈឯកភាពគ្នាថាជាឈ្មោះជាតិតែមួយ គឺកម្ពុជាបច្ចុប្បន្ននេះឯង។ ដូចនេះ ក្នុងនាមយើងជាកូនខ្មែរត្រូវចូលរួមសិក្សា និងបណ្ដុះនូវស្មារតីថែរក្សាការពារប្រវត្តិសាស្ត្រជាតិ ដែលជាគោលចារឹកដ៏សំខាន់សម្រាប់ជាតិយើង។ យើងត្រូវចូលរួមសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជាតិយើងឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ការលើកឡើងនានាដែលពុំស្របនឹងប្រវត្តិសាស្ត្រពិតរបស់ជាតិយើង។
៦- ឯកសារយោង
- វចនានុក្រមខ្មែរ (ភាគ១-២), សម្ដេចព្រះសង្ឃរាជ ជួន ណាត- សៀវភៅប្រវត្តិសាស្ត្រខ្មែរ, បណ្ឌិត រស់ ចន្ត្រាបុត្រ
- សៀវភៅប្រវត្តិសាស្ត្រខ្មែរ (ភាគ១-២), លោក ត្រឹង ងា
- សៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា, អាដេម៉ារ ឡឺក្លែរ(ប្រែសម្រួលដោយ ទេព ម៉េងឃាង)
- សៀវភៅប្រវត្តិសាស្ត្រសង្ខេបប្រទេសកម្ពុជា (A Short History of Cambodia), John Tully
- សៀវភៅអរិយធម៌ខ្មែរ, អ្នកស្រី ត្រឹង ងា
- សៀវភៅសិក្សាវប្បធម៌-អរិយធម៌ ខ្មែរ-ឥណ្ឌា, ទាវ ឆៃសុក
- សៀវភៅអរិយធម៌, ក្រសួងអប់រំ យុវជន និង កីឡា(១៩៩៧-១៩៩៨)
- ទស្សនាវដ្ដីស្វែងរកការពិត លេខ១១៥ ខែកក្កដា ឆ្នាំ២០០៥, ដេវីដ ឆេនល័រ
- សៀវភៅប្រវត្តិសាស្ត្រពិតនៃប្រទេសសៀម ភាគ (The True History of Siam, part-1), Sang Leng, Cambodian Historian Researcher in Association KFDÔ 2006
- សៀវភៅប្រវត្តិសាស្ត្រថៃ, ដេវិឌ វ្យ៉ាត (ប្រែសម្រួលដោយ ថុល ឌីណា និង ឈាត ស្រ៊ាង)
- សៀវភៅប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា(សម្ពន្ធភាពរវាងប្រជាជនខ្មែរ-ថៃ), បណ្ឌិត មីសែល ត្រាណេ
រូបភាព៖ Google |
សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
កិច្ចការជាក្រុម
មុខវិជ្ជា៖ ខេមរវិទ្យា
វគ្គសិក្សា៖ ២២ មេសា ២០១៤
សាស្ត្រាចារ្យ៖ សែ-អឿន
ជំនាន់៖ 49E1
សមាជិកក្រុម៖
- An Somath (ID: 61337)
- Eng Linda (ID: 58175)
- Yun Rithy (ID: 18782)
- Chheav Punloeu (ID: 23693)
- Heng Rangsey (ID: 75800)
- Kim Leangsuo (ID: 75708)
អត្ថបទ៖ ហេង-រង្សី
មតិយោបល់