កម្រងកំណាព្យ៖ "អនុស្សាវរីយ៍ឆ្នេរកែបស្នេហា" រម្លឹកឡើងវិញអនុស្សាវរីយ៍ឆ្នេរកែប ២៧ កក្កដា ២០១៤។
អនុស្សាវរីយ៍ឆ្នេរកែប
(បទពាក្យ៧)
(បទពាក្យ៧)
១) "អតីកាលក្រាលឆ្នេរកែប"
ឆ្នេរកែបអែបកាយឆ្ងាយសន្លឹម ឆ្នេរស្រស់ញញឹមស្អាតប្រិមប្រិយ
កត់ត្រារឿងខ្ញុំម៉ុមពិសី ដូចនៅថ្មីៗស្រីនិងបង។
រៀមសែនរលឹកនឹកស្នេហា បានជួបបុប្ផាស្រស់ទងវង
ជាងពីរឆ្នាំប្លាយរឿងកន្លង តែចិត្តរៀមបងចងនៅនិត្យ។
ពីរពាន់ដប់បួនស្ងួនជីវា ខាងចុងមាសាថ្ងៃអាទិត្យ
ទីម្ភៃប្រាំពីរផ្ដើមស្នេហ៍ស្និទ្ធ កក្កដាជិតចូលសីហា។
ថ្ងៃបើកទំព័ររឿងអតីត ឲ្យជួបវរមិត្រគូសង្សារ
នៅដែនឆ្នេរកែបអែបកាយា ពន្លកស្នេហារីកដុះត្រួយ។
២) "រឭកឆ្នេរកែប"
អុះឱ! ឆ្នេរកែបអែបសាគរ ឆ្នេរស្រស់បវរល្អគួរព្រួយ
ខ្លាចឃ្លាតឆ្នេរកែបមានតែមួយ ចិន្ដារញ្ជួយព្រួយស្នេហា។
គន់មើលសម្រស់ស្រស់មាត់ឆ្នេរ សូរ្យសែងទន់ទេរចរយាត្រា
ពន្លឺពន្លកសែងភ្លឺថ្លា ចាំងចែងចំណារគន់មិនណាយ។
ជម្រាលឆ្នេរកែបផ្លេកដូចប្រាក់ វាយោត្រជាក់ប្រលែងកាយ
សមុទ្រខៀវខ្ចីវែងអន្លាយ ហែបហែលសប្បាយអស់ទុក្ខា។
រឭកឆ្នេរកែបស្រស់ប៉ប្រិម ក្រោមភ្លៀងរលឹមជួបជីវា
ដូចនៅថ្មីៗរឿងស្នេហា នឹកឡើងកាលណាសែនស្រណោះ។
៣) "បុប្ផាក្រោមភ្លៀងរលឹម"
វាយោឆ្នេរកែបបក់រំភើយ សូរផ្គរឆ្លងឆ្លើយដូចភ្លេងឃ្មោះ
មេឃមីរស្រទំចាញ់សម្រស់ ភក្ត្រាឆើតស្រស់នាងក្រមុំ។
ភ្លៀងចាញ់សម្រស់ស្រស់នួននាង បង្អុរស្រែកច្រៀងសៀងរណ្ដំ
ខ្យល់បក់បោកផាត់សព្ទរងំ ផ្គរផ្គើនប្រគំម៉ុមរងា។
នាងរត់រូតរះជ្រកបាំងភ្លៀង កន្សែងដៃនាងជូតភក្ត្រា
ជំនោរត្រជាក់ញាក់កាយា ក្រោមដើមព្រឹក្សាអែបវីថី។
រៀមក្រឡេកភ្នែកលួចមើលអូន លង់ស្នេហ៍ស្រីស្ងួននួនពិសី
ចិត្តចាញ់សម្រស់ស្រស់ឥតបី ឆ្លើយឆ្លងសម្ដីពីចម្ងាយ។
៤) "អូនសុំជ្រកភ្លៀង"
នាងដោះមួកចេញអួតសម្រស់ ភក្ត្រាសែនស្រស់គន់មិនណាយ
នាងដើរតម្រង់ប្រុសឆោមឆាយ សុំជ្រកក្បែរកាយការពារភ្លៀង។
ស្រីតូចជំទើរដើរពីនាយ ញញឹមរួសរាយចេញសំនៀង
"សួស្ដី" សារសព្ទដូចចម្រៀង ពីរោះនួននាងពោលហាស្ដី។
ដូចត្រូវព្រួញទេពព្រះកាមា សំឡេងជីវាដូចតន្ត្រី
ធ្វើឲ្យរៀមបងប៉ងបេតី ផ្ញើបេះដូងស្រីថែរក្សា។
សុំបងជ្រកភ្លៀងវាងជ្រកចិត្ត ជ្រកក្បែរវរមិត្រចិត្តស្នេហា
យកដៃស្ទាបទ្រូងរៀមសង្កា ដូចបាត់ចិន្ដាចេញពីកាយ។
៥) "បុប្ផាភ្នំពេញ"
ភ្លៀងមិនព្រមរាំងឃាំងរូបម៉ុម និត្យនៅក្បែរខ្ញុំលេងលែបខាយ
ព្យាបាលរបួសព្រោះឆោមឆាយ មមើមមាយភាំងស្មារតី។
ដូចមានតែរូបអូននិងបង ពីរនាក់ត្រសងមួយលោកិយ
អន្ទងខាបខារផ្កាសម្ដី រឿងរ៉ាវថ្មីៗស្រីកម្សាន្ត។
សាសងសារសព្ទចាប់សង្ស័យ ស្រីម្ចាស់ដួងចៃកបកល្យាណ
ជាបុប្ផាកែបអែបឆ្នេរឋាន គន់មើលសាច់ប្រាណស្មានមិនចេញ។
ស្រីតូចសើចស្ទើរចំអកបង ស្រីស្រស់ទងវងប្រាប់បងវិញ
អូនជាបុប្ផាក្រុងភ្នំពេញ ចិត្តបងទន្ទេញឈ្មោះស្រីល្អ។
៦) "ផ្សងស្នេហ៍ចរណៃ"
ឱ! ភ្លៀងអឺយភ្លៀងសៀងរងំ ម្ដេចមិនប្រគំភ្លេងកំដរ
ភ្លៀងម្ដេចមិនឃាំងនាងបន្ត ឲ្យស្រស់បវរតលែបខាយ។
ភ្លៀងមិនអាណិតដល់ចិត្តខ្ញុំ រាំងលែងប្រគំម៉ុមលាឆ្ងាយ
លាត្រឡប់ជួបមិត្តក្អាកក្អាយ ម៉ាក់ប៉ាសប្បាយអែបជលសា។
ជម្រាលឆ្នេរកែបជាសាក្សី កត់ត្រាសម្ដីខ្ញុំសច្ចា
ស្នេហ៍នាងលុះថ្ងៃក្ស័យសង្ខារ ឆ្នេរកែបស្នេហាសូមជួយចាំ។
ផ្ញើសារដួងចិត្តតាមវាយោ សូមខ្យល់ជំនោរជួយផ្ដែផ្ដាំ
ផ្ញើចិត្តស្នេហ៍ស្មោះស្រស់ស្រងាំ ទោះរយខែឆ្នាំចាំស្នេហា។
៧) "សន្យាជួបគ្នានៅភ្នំពេញ"
ចិន្តាស្រណោះនឹកអាល័យ ទាញទូរស័ព្ទដៃក្បែរកាយា
ទាញយកមកថតស្រស់ជីវា ទុកក្នុងឱរាការពារនឹក។
ឆ្នេរកែបមិនឆ្ងាយក្បែរកាយា តែចិត្តស្នេហាសែនរលឹក
សម្លឹងរូបថតចិត្តវរវឹក វិញ្ញាណភ្លាំងភ្លឹកនឹកកង្វល់។
មិនអស់ចិន្ដាសារដួងចិត្ត ផ្ញើទៅវរមិត្រក្រែងមិនដល់
សារតាមទូរស័ព្ទផ្ញើនិមល រៀបរាប់កង្វល់ដល់ជីវា។
អូនលើកទូរស័ព្ទអានសារបង ញញឹមសើចផងឆ្លងតបសារ
បុប្ផាក្រពុំសុំសន្យា វិលសាងស្នេហាក្រុងភ្នំពេញ។
អនុស្សាវរីយ៍ ២៧ កក្កដា ២០១៤ - ០៥ វិច្ឆិកា ២០១៦
ស្មេរ៖ ហេង-រង្សី
ស្មេរ៖ ហេង-រង្សី
មតិយោបល់