«អត្ថន័យដ៏ជ្រាលជ្រៅ បង្កប់ក្នុងសំណង់រូបភាពដ៏សាមញ្ញនៃកាព្យរបស់អ្នកនិពន្ធ។ អ្នកអានខ្លះមើលឃើញត្រឹមសំណង់រូបភាពដ៏សោះកក្រោ...
សៀវភៅ «ស្រមោល» នេះខ្ញុំបានទិញតាំងពីឆ្នាំមុន ក្នុងឱកាស ចូលរួមក្នុងពិព័រណ៍សៀវភៅលើកទី៥ ឆ្នាំ២០១៦។ ប្រហែលមួយសប្ដាហ៍មុនការមកដល់នៃពិព័រណ៍សៀវភៅលើកទី៥ ខ្ញុំបានស្ដាប់កិច្ចសម្ភាសរបស់វិទ្យុមួយ ដែលមានលោក យ៉េង-ឈាងលី ជាអ្នកបកស្រាយដោយសង្ខេបពីសៀវភៅនេះ។ គ្រាន់តែបានស្ដាប់កិច្ចសម្ភាសនោះ ខ្ញុំចាប់អារម្មណ៍ជាខ្លាំងលើសៀវភៅ «ស្រមោល» នេះ ដ្បិតអីជាកម្រងស្នាដៃកំណាព្យខ្មែរបែបទំនើបនិយម។ ខ្ញុំពិតជាចង់អាននិងចង់ស្វែងយល់ពីកំណាព្យបែបទំនើបនិយមជាខ្លាំង។ ខ្ញុំចាំថា ខ្ញុំបានអានសៀវភៅនេះចប់ម្ដងរួចមកហើយ កាលពីឆ្នាំកន្លងទៅ។ ចុងសប្ដាហ៍នេះ ជាសប្ដាហ៍ចុងក្រោយនៃឆ្នាំ ២០១៧។ និយាយឲ្យត្រង់ទៅ រាល់ពេលមកលេងស្រុកកំណើតម្ដងៗ ខ្ញុំតែងរៀបចំសៀវភៅយកមកអាន។ យកមកម្ដងៗមិនតិចទេ តែសម្រេចជាលទ្ធផល គឺមិនបានអានសូម្បីតែមួយសន្លឹក។ រាល់លើក តែអ៊ីចឹងឯង! ហាស! ហាស!
មិនបាច់លួចសើចខ្ញុំទេ! ហាស! ហាស! លើកនេះមិនដូចលើកមុនៗទេ។ សប្ដាហ៍នេះ ខ្ញុំយកតែសៀវភៅមួយក្បាលនេះមកទេ។ ខ្ញុំគិតថា យកសៀវភៅនេះមកអាន ដោយមិនទុកចោលដូចមុនទៀតឡើយ។ ហាស! ហាស! ចំណាយពេលជិតមួយព្រឹក... ឥលូវ អានចប់ទាំងត្រដាបត្រដួសម្ដងទៀតហើយ។ ចាត់ទុកថា សៀវភៅនេះជាសៀវភៅចុងក្រោយសម្រាប់ឆ្នាំ ២០១៧ នេះចុះ។ ឆ្នាំក្រោយនិងឆ្នាំបន្តទៀត ខ្ញុំនឹងរៀបចំផែនការឲ្យបានជាក់លាក់ ដើម្បីអានសៀវភៅឲ្យបានច្រើនតាមដែលអាចធ្វើបាន។
ឥលូវ មកនិយាយពីសៀវភៅហ្នឹងវិញម្ដង។ សៀវភៅ «ស្រមោល» នេះជាកម្រងស្នាដៃកំណាព្យមួយចំនួន ដែលធ្លាប់បានជាប់ជយលាភីពីការប្រកួតប្រជែងកំណាព្យបែបទំនើបនិយម ពីសមាគមអក្សរសិល្ប៍ នូ ហាច ក្រោមប្រធានបទសេរី ចាប់តាំងពីចន្លោះឆ្នាំ ២០០៧ ដល់ ២០១៤។ សម្រាប់ខ្ញុំ សៀវភៅនេះមិនមែនត្រឹមតែជាសៀវភៅកំណាព្យសម្រាប់អានកម្សាន្តប៉ុណ្ណោះទេ តែសៀវភៅនេះក៏ជាសៀវភៅដែលបានផ្ដល់នូវសារអប់រំផងដែរតាមបែបរូបភាពនិយម ដែលបង្កប់ដោយអត្ថន័យនៅខាងក្នុងដ៏ជ្រាលជ្រៅ។ អត្ថបទកំណាព្យមានភាពវិសេស ខុសប្លែកពីកំណាព្យអប់រំតាមបែបប្រពៃណីដែលខ្ញុំធ្លាប់បានអាន។ អ្នកនិពន្ធបានប្រើកំណាព្យដើម្បីបង្កើតជារូបភាពដ៏សាមញ្ញ ដែលបង្កប់ដោយអត្ថន័យដ៏ជ្រាលជ្រៅរកស្មានមិនត្រូវ។ ខ្ញុំចាប់ចិត្តនឹងការសរសេរកំណាព្យបែបនេះមែនទែន។ ខ្ញុំគិតថា លើកក្រោយខ្ញុំនឹងសាកល្បងរៀនសរសេរកំណាព្យប្រភេទនេះ ព្រោះបែបបទនៃការសរសេរនេះធ្វើឲ្យខ្ញុំពេញចិត្តខ្លាំងណាស់។ ពីមុន ខ្ញុំធ្លាប់អានកំណាព្យដែលផ្ដល់នូវសារអប់រំដែរ គឺតាមរយៈ ច្បាប់ផ្សេងៗដ៏សម្បូរបែបរបស់បុព្វកវីខ្មែរយើង។ ពេលអានសៀវភៅនេះចប់ ខ្ញុំមានការប្លែកអារម្មណ៍ណាស់ ព្រោះនេះអាចចាត់ទុកថាជាកំណាព្យដែលផ្ដល់នូវសារអប់រំដែរ តែក្នុងទម្រង់ប្លែកគួរឲ្យជក់ចិត្ត ពោលគឺជាកំណាព្យបែបទំនើបនិយមហ្នឹងឯង។ ខ្ញុំនឹងលើកយកចំណងជើងកំណាព្យមួយចំនួនដែលខ្ញុំពេញចិត្តជាងគេ ដោយសុំមិនអធិប្បាយពីអត្ថន័យនៃកំណាព្យទាំងនោះទេ ព្រោះចង់ទុកភារៈនេះឲ្យអស់លោកអ្នក អានស្វែងយល់ដោយខ្លួនឯងទៅចុះ។ កំណាព្យទាំងនោះរួមមាន ផ្ទះកេរ, ភ្លៀងខុសដី, មាន់គក, ធម្មជាតិ, ជន្លេន, ដើមត្នោត ដែលសុទ្ធតែជាចំណងជើងកំណាព្យដែលខ្ញុំចាប់អារម្មណ៍។
មិនចង់រៀបរាប់វែងពេកទេ...។ បញ្ចប់ត្រឹមនេះទៅចុះ! បើអស់លោកអ្នកចង់អាន សូមអញ្ជើញរកទិញអានខ្លួនឯងចុះ។ ខ្ញុំសង្ឃឹមថា សៀវភៅនេះនឹងបានជាប្រយោជន៍ដល់អ្នកអានទូទៅ ទាំងផ្នែកតាក់តែងនិពន្ធនិងទាំងផ្នែកគតិអប់រំទូទៅផងដែរ។ ជាចុងក្រោយ សូមសុខសួស្ដីចូលមានដល់អ្នកគ្រប់គ្នា ក្នុងឱកាសឆ្នាំថ្មីនេះនិងឆ្នាំខាងមុខទៀត។
សួស្ដីឆ្នាំថ្មី ឆ្នាំ២០១៨...!!!
មតិយោបល់