បេះដូងកំព្រា កំណាព្យ
បេះដូងកំព្រា
(បទពាក្យ៧)
(បទពាក្យ៧)
គន់មើលទៅមេឃភ្លឺស្រឡះ
ព្រហាមថ្ងៃរះងងឹតបាត់
គន់មើលបក្សីបក្សាសត្វ
ប្រឹងហើរច្រវាត់សព្វទិសា។
ស្រែកច្រៀងចម្រៀងស្នេហ៍អូនបង
ទៅតាមទំនងសត្វភាសា
សប្បាយក្រៃពេកឥតឧបមា
គ្មានខ្វល់ឡើយណាក្លាប្រិមប្រិយ។
គន់គិតយូរទៅប្រែខ្លោចផ្សា
អស់សត្វបក្សានិងបក្សី
មានគូជីវិតអស់ទុក្ខភ័យ
រស់មានសិរីរីករាយក្រៃ។
គិតយូរៗទៅសែនអន់ចិត្ត
ឈឺចាប់ពេកពិតដ្បិតគ្មានថ្លៃ
គ្មានអ្នកណាជួយគ្រងហឫទ័យ
ឲ្យបាត់ទុក្ខភ័យចិត្តកំព្រា។
គិតយូរសែនឈឺៗមិនបាត់
អន់ជាងសព្វសត្វលើវេហា
អស់សត្វមានគូលែងកំព្រា
ខ្ញុំរស់គ្មានគ្នាគ្មានគូគាប់។
ភ្នំពេញ, ០៥ កក្កដា ២០១៥ស្មេរ៖ ហេង-រង្សី
មតិយោបល់