"ទន្សាយកម្សត់" រឿងរ៉ាវជូរចត់របស់ស្មេរ។ ចង់ដឹងមានអត្ថន័យយ៉ាងណា សូមរីករាយអានកម្សាន្តដូចតទៅ។
ទន្សាយកម្សត់
(បទពាក្យ៧)
(បទពាក្យ៧)
ទន្សាយកម្សត់ព្រាត់ស្នេហា
ក្នុងទ្រូងពើតផ្សាពោលថ្លាថ្លែង
ជាតិនេះកម្មក្រាស់អ្វីតែឯង
ឲ្យទ្រូងចំបែងបែកប្រេះឆា។
ចិត្តចង់រៀបរាប់ថ្លែងប្រាយប្រាប់
ថាសែនឈឺចាប់ក្រៃណាស់ណា
ត្រូវរងដំនៀលគេដៀលថា
ជាប្រុសសាវាចិត្តអប្រិយ។
អ្នកមិនបានដឹងចេះតែពោល
ឲ្យឆេះក្ដៅឆួលក្នុងហឫទ័យ
ម្ដេចចេះតែចោទឥតសំចៃ
ឥតមានលកលៃស្ដាប់បន្តិច។
តាមពិតចិត្តស្ម័គ្រស្មោះស្នេហា
គ្មានទេសាវាគ្មានកលកិច្ច
សូមអស់លោកអ្នកជួយសម្រេច
គេមួលបង្កាច់ឬយ៉ាងណា?
ផ្ដើមចិត្តស្រឡាញ់ពេលដ៏ខ្លី
ទាំងចិត្តភក្ដីដកស្នេហា
ថាណែសំណព្វបែកចុះណា
យើងគ្មានវាសនាគ្មាននិស្ស័យ។
អ្នកមិនបានដឹងបែរចោទថា
ម្ដេចក៏សាវាចិត្តពីរបី
ស្នេហ៍ហើយបោះបង់គ្មានភក្ដី
ដៀលថាអប្រិយក្នុងលោកា។
ឱ! សែនឈឺចាប់ខ្លាំងពេកក្រៃ
រៀបរាប់អត្ថន័យពីចិន្ដា
ថាចិត្តស្នេហ៍ពិតឥតសាវា
ឈប់ពោលមុសាចោទប្រកាន់។
ពោលពាក្យលាស្នេហ៍ពីចរណៃ
ត្បិតអីថ្លើមថ្លៃជាដួងចន្ទ
រះលើវេហាស៍នរណាហ៊ាន
ឈោងចាប់កល្យាណគូកៀកកើយ។
នាមជាទន្សាយតូចកម្សត់
ម្ដេចនឹងមានភ័ព្វស្នេហ៍ត្រាណត្រើយ
គ្មានវាសនាស្នេហ៍ដួងចន្ទឡើយ
ឱ! ចន្ទ្រាអឺយឈប់ស្នេហា។
ទន្សាយកម្សត់សូមលាហើយ
នេះជាចម្លើយពីចិន្ដា
ប្រាប់ទៅវរមិត្តកែវជីវា
សូមបានសុខានឹងគូថ្មី។
សូមស្មារលាហើយស្នេហ៍ចន្ទ្រា
សូមត្រឹមតារាតូចប្រិមប្រិយ
ជាគូវាសនាលុះត្រាក្ស័យ
សាងស្នេហ៍មានន័យផ្កាយទន្សាយ។
ភ្នំពេញ, ០៦ កក្កដា ២០១៥
ស្មេរ៖ ហេង-រង្សី
មតិយោបល់