ចង់ជ្រាបច្បាស់ថា កំណាព្យ "ស្រ្តីទីមួយដែលខ្ញុំស្រឡាញ់" មានបង្កប់នូវអត្ថន័យយ៉ាងណា សូមអញ្ជើញអានអត្ថបទកំណាព្យទាំងពីរភាគខាងក្រោមនេះ។
តាមរយៈចំណងជើង អ្នកអាចនឹងគិតស្មានថា ខ្ញុំកំពុងលើកយកស្ត្រីកំណាន់ចិត្ត ដែលជាតួឯកស្នេហា ក្នុងគ្រាដំបូងរបស់ខ្ញុំមករៀបរាប់។ អ្នកអាចនឹងគិតទៀតថា អត្ថបទនេះប្រហែលជាបង្កប់នូវអនុស្សាវរីយ៍ដ៏រីករាយឬជូរចត់នៃស្នេហាដំបូងក្នុងជីវិតរបស់ខ្ញុំ។ ឬអ្នកអាចនឹងគិតថា......
វាអាចនឹងខុសពីអ្វីដែលអ្នកបានគិតទុក។ ចង់ជ្រាបច្បាស់ថាស្ត្រីម្នាក់នេះជានរណា សូមអញ្ជើញអានអត្ថបទកំណាព្យទាំងពីរភាគខាងក្រោមនេះ៖
(នៅមានវគ្គបន្ត)
តើស្ត្រីម្នាក់នេះជានរណា?
ភ្នំពេញ, ០៨ កក្កដា ២០១៥
ស្មេរ៖ ហេង-រង្សី
ម៉ែជាស្ត្រីទីមួយដែលកូនស្រឡាញ់។
ភ្នំពេញ, ០៨ កក្កដា ២០១៥
ស្មេរ៖ ហេង-រង្សី
វាអាចនឹងខុសពីអ្វីដែលអ្នកបានគិតទុក។ ចង់ជ្រាបច្បាស់ថាស្ត្រីម្នាក់នេះជានរណា សូមអញ្ជើញអានអត្ថបទកំណាព្យទាំងពីរភាគខាងក្រោមនេះ៖
ស្ត្រីទីមួយដែលខ្ញុំស្រឡាញ់
ភាគទី១
(បទពាក្យ៧)
សូរ្យសែងបាំងបាត់ធ្មេចនេត្រា
យាងចោលលោកាឲ្យកំព្រា
សព្វសត្វទាំងឡាយចូលនិទ្រា
លង់លក់គ្រប់គ្នាគ្រាស្ងាត់ស្ងប់ ។
នៅតែរូបខ្ញុំគេងមិនលក់
ក្នុងចិត្តវីវក់គិតឥតឈប់
តាំងពីព្រលឹមទល់ព្រលប់
អធ្រាត្រយន់យប់គិតឯកា។
ក្នុងចិត្តនឹកណាស់នឹកគ្មានភ្លេច
ខ្ញុំនឹកជានិច្ចគ្រប់វេលា
ចិត្តនឹកខ្លាំងពេកខាននិទ្រា
នឹកដល់ស្នេហាគ្រាដំបូង។
នឹកដល់ស្ត្រីដែលខ្ញុំស្រឡាញ់
ស្ត្រីដែលពោរពេញដោយស្នេហា
ចំពោះរូបខ្ញុំគ្រប់វេលា
ស្នេហ៍ខ្ញុំលុះគ្រាក្សិណក្ស័យប្រាណ។
ចិត្តខ្ញុំសែននឹកស្ត្រីម្នាក់នោះ
នឹកដល់ចិត្តស្មោះគ្មានលក្ខខណ្ឌ
ស្រឡាញ់រូបខ្ញុំពុំប្រកាន់
ស្នេហ៍នោះជាក់ស្បាន់ពេញហឫទ័យ។
តើស្ត្រីម្នាក់នោះជានរណា?
ជនក្នុងលោកាដឹងដែរអី?
បើបានដឹងហើយសូមប្រណី
ជួយប្រាប់ដល់ស្ត្រីម្នាក់នេះផង។
ថាខ្ញុំសែននឹកៗខ្លាំងណាស់
នឹកស្ត្រីជាម្ចាស់វាសនាផ្សង
នឹកគ្រប់វេលាដែលកន្លង
ក្នុងចិត្តគិតប៉ងជួបឆាប់រ៉ា។
(នៅមានវគ្គបន្ត)
តើស្ត្រីម្នាក់នេះជានរណា?
ភ្នំពេញ, ០៨ កក្កដា ២០១៥
ស្មេរ៖ ហេង-រង្សី
ស្ត្រីទីមួយដែលខ្ញុំស្រឡាញ់
ភាគទី២
(បទពាក្យ៧)
នឹកដល់កាលគ្រាជួបដំបូង
អ្នកលើកខ្ញុំថ្នមលើឱរា
កក់ក្ដៅខ្លាំងណាស់ម្ចាស់ស្នេហា
រញ្ជួយចិន្ដាស្នេហាអ្នក។
ពុំទាន់បានយល់ទេភក្រ្តា
តែចិត្តស្នេហាប្រាកដជាក់
ជាស្នេហ៍ដំបូងចិត្តខ្ញុំបាក់
ស្រឡាញ់រូបអ្នកខ្លាំងក្លាក្រៃ។
ជួបរូបអ្នកភ្លាមស្រឡាញ់ភ្លែត
ហេតុអ្វីចម្លែកក្នុងហឫទ័យ
ស្នេហ៍នេះសែនប្លែកហួសវិស័យ
នៅលើលោកិយស្នេហ៍ដំបូង។
សែនស្រណោះណាស់ម្ចាស់បេះដូង
បីទ្រថ្នាក់ថ្នមត្រកងលួង
យកចិត្តទុកដាក់គ្មានធ្វេសម្ដង
គ្រប់គ្រាអ្នកផ្សងខ្ញុំសុខា។
សែនស្រណោះណាស់សំឡេងអ្នក
បំពេឥតអាក់ឲ្យនិទ្រា
ពីរោះខ្លាំងណាស់ភ្លេចទុក្ខា
សប្បាយចិន្ដាគេងស្កប់ស្កល់។
ស្រណោះចិត្តស្នេហ៍របស់អ្នក
លើរូបខ្ញុំជាក់ឥតមន្ទិល
តាំងពីដំបូងរហូតដល់
ឥឡូវសោតសល់ស្នេហ៍ហ្មត់ហ្មង។
ស្ត្រីម្នាក់នោះមិនជានរណា
ក្រៅពីមាតាព្រះកន្លោង
តែងស្រឡាញ់កូនពេញបេះដូង
គុណធំកន្លងឆ្លងពុំរួច។
ស្ត្រីទីមួយដែលខ្ញុំស្រឡាញ់
គឺម៉ែនេះមិញចិន្ដាកួច
គិតនឹកគ្រប់ពេលចិត្តខ្ញុំថ្ងួច
តែងតែលបលួចគិតគុណម៉ែ។
(ចប់)ម៉ែជាស្ត្រីទីមួយដែលកូនស្រឡាញ់។
ភ្នំពេញ, ០៨ កក្កដា ២០១៥
ស្មេរ៖ ហេង-រង្សី
មតិយោបល់