លួចសម្លឹង (បទពាក្យ៧) នេះនឹងថ្លាថ្លែងចែងចរចា អ្នកមានស្នេហាមួយចំនួន លើកជាកំណាព្យតាមពាក្យជួន ចែកជូនបងប្អូនកែ...
លួចសម្លឹង
(បទពាក្យ៧)
(បទពាក្យ៧)
នេះនឹងថ្លាថ្លែងចែងចរចា
អ្នកមានស្នេហាមួយចំនួន
លើកជាកំណាព្យតាមពាក្យជួន
ចែកជូនបងប្អូនកែកម្សាន្ត។
សូមលើករឿងរ៉ាវចោរលួចចិត្ត
លបលួចស្នេហ៍ពិតប្រាប់ពុំបាន
ពុំហ៊ានសារភាពប្រាប់កល្យាណ
ចោរចិត្តសាមាន្យបានត្រឹមគិត។
គួរធ្វើយ៉ាងណាធ្លាក់ក្នុងជ្រោះ
ឆ្លងពុំរួចសោះជ្រោះស្នេហ៍ស្និទ្ធ
ពុំហ៊ានចរចាពាក្យក្នុងចិត្ត
ស្នេហ៍ស្រស់វរមិត្តទុក្ខឥតស្បើយ។
បានត្រឹមលួចមើលស្រស់កល្យាណ
ចិន្ដារុញច្រានសម្លឹងញយ
ពេលគេបែរចំធ្វើព្រងើយ
ធ្វើពុំដឹងឡើយឱរាព្រួយ។
គេបែរមុខចេញប្រឹងមើលទៀត
គយគន់មិនឆ្អែតនេត្រាឡើយ
លួចមើលវង់ភក្ត្រគេញយៗ
ពុំដែលគិតឡើយគេដឹងការណ៍។
ពេលនេះអស់លក្ខណ៍ចោរស្នេហ៍ស្និទ្ធ
គេតាមទាន់ពិតយល់ហើយណា
ចាប់បានហើយចោរប្រើនេត្រា
ដាក់គុកស្នេហាជម្រះទោស។
កោះធំ, ០៨ សីហា ២០១៥
ស្មេរ៖ ហេង-រង្សី
មតិយោបល់