នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំមមែ សប្ដស័ក ព.ស. ២៥៥៩ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកសាស្ត្រាចារ្...
ការងារចុះសហគមន៍ជាកិច្ចការដ៏សំខាន់មួយ ដែលគួរត្រូវបានយល់ជ្រួតជ្រាបគ្រប់ៗគ្នា ដើម្បីបានបំពេញកាតព្វកិច្ចជាពលរដ្ឋពេញលេញម្នាក់នៅក្នុងសង្គម។ ដូចដែលខ្ញុំធ្លាប់បានសិក្សាពីលោកសាស្ត្រាចារ្យ លើគោលគំនិតនៃស្មារតីស្ម័គ្រចិត្តនិងសាមគ្គីភាព ការចុះសហគមន៍ គឺជាការចូលរួមអនុវត្ត ផ្សាំបណ្ដុះ នូវគោលគំនិតដ៏ល្អទាំងពីរនេះ។ សម័យអង្គរដ៏រុងរឿង កើតចេញមកបានតាមរយៈស្មារតីស្ម័គ្រចិត្តនិងសាមគ្គីភាពនេះឯង។ នៅក្នុងថ្នាក់ ខ្ញុំបានទទួលការអប់រំ ឈ្វេងយល់ពីគោលគំនិតដ៏សំខាន់ទាំងពីរនេះ។ ហើយបានឲ្យខ្ញុំយល់ចូលចិត្តជាខ្លាំងទៅលើស្មារតីស្ម័គ្រចិត្តនិងសាមគ្គីភាពនេះ។ ជាមួយគ្នានេះ ការចុះសហគមន៍បានដើរតួយ៉ាងសំខាន់ក្នុងការសិក្សាបន្ថែម។ មានន័យថា មិនត្រឹមសិក្សាតែទ្រឹស្ដី ហើយពុំបានអនុវត្តនោះទេ។
ក្នុងដំណើរចុះសហគមន៍ទៅ វត្តឥន្ទរង្សី ហៅវត្តត្បែង ដែលស្ថិតនៅក្នុងឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺនេះ យើងបានជួបប្រទះនូវបញ្ហាលំបាកមួយចំនួន ដែលអាចយកមកសិក្សាស្វែងយល់ជាគន្លងសម្រាប់ការងារក្រោយៗទៀតឲ្យកាន់តែមានភាពប្រសើរឡើង។ សម្រាប់ខ្ញុំបញ្ហាដែលបានជួបក្នុងដំណើរចុះសហគមន៍នេះ មិនមែនជាឧបសគ្គក្នុងការបំពេញការងារនោះទេ។ ផ្ទុយទៅវិញ បញ្ហាដ៏តូចមួយនេះ បានប្រែក្លាយទៅជាមេរៀន និងកម្លាំងចិត្តសម្រាប់ខ្ញុំទៅវិញ។ ជាក់ស្ដែង នៅពេលដែលពួកយើងធ្វើដំណើរជិតដល់គោលដៅ យើងបានជួបនឹងបញ្ហាមួយគឺ ការជាប់ផុងទៅមុខមិនរួច ដែលបណ្ដាលមកពីបញ្ហាផ្លូវនៅទីនោះ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺ បញ្ហាមួយនេះបានរំលេចឡើងវិញឲ្យឃើញពីស្មារតីស្ម័គ្រចិត្តនិងភាពមានសាមគ្គី របស់ប្រជាជននៅទីនោះ ក៏ដូចជាក្រុមពួកយើងដែលបានធ្វើដំណើរទៅ។ ជាការកត់សម្គាល់របស់ខ្ញុំ ប្រជាជនយើងនៅតែរក្សាបាននូវវប្បធម៌នៃការស្ម័គ្រចិត្ត ចូលរួមជួយតាមសមត្ថភាព យ៉ាងអស់ពីកម្លាំងកាយចិត្ត។ ជារួម យើងបានបន្តដំណើរទៅមុខទៀតគឺ ដោយសារស្មារតីស្ម័គ្រចិត្តរបស់ប្រជាជននៅទីនោះ ក៏ដូចជាក្រុមពួកយើងដែលជាអ្នកចូលរួមទាំងអស់គ្នា ក្រោមស្មារតីសាមគ្គីភាព ដែលកើតចេញពីការស្ម័គ្រចិត្ត និងកិច្ចប្រឹងប្រែងរបស់យើងគ្រប់ៗគ្នា។ នេះជាការណ៍មួយដ៏ល្អដែលយើងគួរយកចិត្តទុកដាក់សិក្សា ខិតខំប្រឹងប្រែងបន្តដើម្បីឲ្យសង្គមជាតិយើងឈានដល់ភាពជោគជ័យនិងការអភិវឌ្ឍ។
ក្នុងដំណើរចុះសហគមន៍នេះផងដែរ ខ្ញុំបានព្យាយាមស្វែងយល់ទៅលើបញ្ហានានា ដែលបាននិងកំពុងចោទឡើងនៅក្នុងសហគមន៍។ បញ្ហាដែលខ្ញុំបានសង្កេតឃើញមាន៣ធំៗគឺ បញ្ហាហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈ បញ្ហាសេដ្ឋកិច្ច និងបញ្ហាការអប់រំ។ តាមការសង្កេតរបស់ខ្ញុំ ហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ នៅមានភាពអន់ថយនៅឡើយ។ ស្ថានភាពភូមិសាស្ត្រនៅទីនោះ អាចចាត់ចូលជាតំបន់ដាច់ស្រយាល ដែលគួរត្រូវបានទទួលការអភិវឌ្ឍ។ ផ្អែកលើអ្វីដែលខ្ញុំបានសង្កេតពិនិត្យមក សេវាសាធារណៈនៅទីនោះពុំមានគ្រប់គ្រាន់ឡើយ។ ដោយទីនោះជាតំបន់ដាច់ស្រយាល អ្វីដែលជាបញ្ហាចោទដែលខ្ញុំសម្លឹងឃើញនេះគឺ ភាពខ្វះខាតសេវាសាធារណៈលើបញ្ហាសុខភាព។ ជាក់ស្ដែង នៅក្នុងដំណើរនៃការចុះសហគមន៍នេះ ខ្ញុំបានសង្កេតឃើញរឿងជាក់ស្ដែងដែលកើតឡើងនៅទីនោះ។ ក្នុងដំណើរនេះ ខ្ញុំបានប្រទះឃើញបងស្រីម្នាក់ អោបកូនរបស់គាត់ពីរនាក់ ដែលដៃកូនរបស់គាត់ទាំងពីរនាក់នោះកំពុងព្យួរសេរ៉ូមនៅលើម៉ូតូ មើលទៅគួរអនិច្ចាជាពន់ពេក។ ខ្ញុំសង្កេតឃើញថា តាមផ្លូវចូលមកក្នុងវត្តនេះ ពុំមានមន្ទីរពេទ្យសម្រាប់បម្រើជូនប្រជាពលរដ្ឋឡើយ។ ដែលនេះគឺជាបញ្ហាដ៏សំខាន់មួយ ដែលគួរយកចិត្តទុកដាក់សម្រាប់ប្រជាជននៅទីនោះ។ ក្នុងនោះដែរ បញ្ហាសេដ្ឋកិច្ចក៏គួរត្រូវបានគិតគូរផងដែរ ដ្បិតអីនៅទីនោះ ជីវភាពប្រជាជននៅមានកម្រិតនៅឡើយ។ បើតាមការសង្កេតរបស់ខ្ញុំ ប្រជាជននៅទីនោះមានជីវភាពខ្វះមុខខ្វះក្រោយនៅឡើយ។ ចំពោះបញ្ហាការអប់រំ កាន់តែសំខាន់សម្រាប់កុមារ យុវជន និងប្រជាជននៅទីនោះ។ បងស្រីដែលមានកូនៗឈឺដល់ទៅពីរនាក់ មិនដឹងថាទាំងខ្លួនគាត់និងកូនៗរបស់គាត់មានកម្រិតអប់រំបែបណា ពិសេសការយល់ដឹងទៅលើសុខភាពនិងអនាម័យនេះតែម្ដង។ បញ្ហាដែលខ្ញុំបានសង្កេតឃើញ និងលើកឡើងនេះ មានភាពពាក់ព័ន្ធគ្នា ដែលទាមទារឲ្យថ្នាក់ដឹកនាំគួរយកចិត្តទុកដាក់កែលម្អជាបន្ទាន់ឲ្យបានឆាប់រហ័ស។ សម្រាប់ខ្ញុំ បញ្ហាហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈគឺ ជាចំណុចដែលសំខាន់ដែលគួរត្រូវបានយកចិត្តទុកដាក់កែលម្អ។ ដោយចំពោះគឺ បញ្ហាសេវាសុខភាព ដែលជារឿងដ៏សំខាន់។ យើងគួររក្សាធនធានមនុស្សរបស់យើងឲ្យរួចពីសេចក្ដីស្លាប់សិន បញ្ហាការអប់រំនិងជីវភាពរស់នៅជារឿងដែលគួរគិតនៅពេលក្រោយ។ ទោះជាយ៉ាងណា បើយើងអាចថែរក្សាការពារកម្លាំងធនធានមនុស្សរបស់យើងហើយ យើងគួរគិតទៅលើបញ្ហាបណ្ដុះធនធានទាំងនេះឲ្យបានជាធនធានដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ។ បញ្ហាសេដ្ឋកិច្ចក៏ជាបញ្ហាដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ជាបន្តបន្ទាប់។ បើធនធានមនុស្សរបស់យើងមានឆន្ទៈនឹងចាប់យកការចេះដឹង យើងគួរចូលរួមបង្កលក្ខណៈឲ្យពួកគេបានសម្រេចនូវឆន្ទៈនិងគោលបំណងរបស់ពួកគេ ដើម្បីបានជាប្រយោជន៍ដល់សង្គមជាតិរបស់យើងទាំងមូល។
© រក្សាសិទ្ធិគ្រប់យ៉ាង |
© រក្សាសិទ្ធិគ្រប់យ៉ាង |
____________________
មុខវិជ្ជា៖ ប្រវត្តិសាស្ត្រខ្មែរ
បង្រៀនដោយ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា
បន្ទប់ សាលស្រីឌីម ឆ្នាំសិក្សា ២០១៥
មតិយោបល់