ថ្ងៃនេះ ខ្ញុំមានរឿងច្រើនដែលត្រូវសរសេរ ហើយសុទ្ធតែជារឿងផ្អែមល្ហែមទៀតផង។ ប៉ុន្តែ ដោយសារជិតដល់ពេលចូលដេកទៅហើយ ផ្អាករឿងផ្អ...
ថ្ងៃនេះ ខ្ញុំមានរឿងច្រើនដែលត្រូវសរសេរ ហើយសុទ្ធតែជារឿងផ្អែមល្ហែមទៀតផង។ ប៉ុន្តែ ដោយសារជិតដល់ពេលចូលដេកទៅហើយ ផ្អាករឿងផ្អែមល្ហែមហ្នឹងទុករម្លឹកឡើងវិញនៅថ្ងៃក្រោយចុះ។ ឥលូវ យកអត្ថបទនៅលើ ហ្វេសប៊ុក កាលពីម្សិលមិញមកសរសេរឡើងវិញនៅទីនេះ ដើម្បីសម្រួលឲ្យសមតាមពេលវេលា។
«ខ្ញុំធ្លាប់អានសៀវភៅយុទ្ធសាស្ត្រនានាតិចតួចដែរ តែខ្ញុំមិនចូលចិត្តយកយុទ្ធសាស្ត្រឬកលល្បិចទាំងនោះមកប្រើក្នុងជីវិតរបស់ខ្ញុំទេ។ ខ្ញុំព្យាយាមអាន ដោយគ្រាន់តែឲ្យបានដឹងៗតែប៉ុណ្ណោះ ដើម្បីចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់របស់អ្នកដទៃ។ ខ្ញុំមិនមើលពិភពលោកនេះក្នុងផ្លូវអាក្រក់ពេកទេ តែសម័យនេះ មនុស្សសុទ្ធតែមានល្បិចនិងយុទ្ធសាស្ត្រក្នុងការរស់នៅ។ ខ្ញុំគិតថា ជីវិតខ្ញុំមិនចាំបាច់ត្រូវការប្រើយុទ្ធសាស្ត្រឬកលល្បិចទាំងនោះទេ។ អ្នកធ្លាប់លេងអុកប្រាកដជាដឹងថាគ្រប់ជំហាននៅលើក្ដារអុក សុទ្ធតែបង្កប់ដោយយុទ្ធសាស្ត្រនិងកលល្បិច។ សម្រាប់ខ្ញុំ ខ្ញុំគិតថា ជីវិតដ៏ស្រពេចស្រពិលរបស់ខ្ញុំមួយនេះ ដើរលើវិថីជីវិត មិនមែនដើរលើក្ដារអុកនោះទេ។ ពិតណាស់ថាគ្រប់ជំហានលើក្ដារអុក ពឹងលើយុទ្ធសាស្ត្រនិងកលល្បិច តែជីវិតរបស់ខ្ញុំដើរលើវិថីជីវិត មិនចាំបាច់កលល្បិចឬយុទ្ធសាស្ត្រអ្វីនោះទេ។ ដើរលើវិថីជីវិតជាមួយនឹងការពិត ក៏ល្មមគ្រប់គ្រាន់ហើយសម្រាប់ជីវិតរបស់ខ្ញុំ។»
ហាស! មិនចូលចិត្តប្រើ មិនប្រាកដថាមិនប្រើទេ។ គ្រាន់តែថា មិនក្បត់នឹងឧត្ដមគតិខ្លួនឯង។ ប្រើយុទ្ធសាស្ត្រដើម្បីបំពានអ្នកដទៃ... មិនធ្វើជាដាច់ខាត។
ពេលខ្លះ មានគេរៀបចំអន្ទាក់កលល្បិចប្រុងឆក់យករូបខ្ញុំឲ្យក្លាយជាចំណីរបស់គេ។ ខ្ញុំគិតដឹងភ្លាមពីកលល្បិចរបស់គេ ដ្បិតអីគេចម្លងពីសៀវភៅទាំងដុល គ្មានកែច្នៃអីសូម្បីតែបន្តិច។ ហាស! ខ្ញុំដឹងហើយ ក៏ធ្វើជាភ្លើមិនដឹងខ្យល់អី រួចដើរចូលក្នុងអន្ទាក់គេទៅ។ ចូលដល់ក្នុងអន្ទាក់គេ ខ្ញុំធ្វើជារឡិបរឡប់ ប្រកាច់ចាប់មិនឈ្នះពេញហ្នឹង។ គេឃើញបែបហ្នឹង គេគិតថា ខ្ញុំបើមិនឡប់ក៏ប្រគ្រីវកាច់ដែរ។ ហាស! ហាស! ហើយគេក៏លែងរវល់នឹងខ្ញុំ។ ខ្ញុំបានឱកាសមើលយល់អស់ពីអន្ទាក់របស់គេ ហើយក៏គេចពីអន្ទាក់នោះទៅ នៅពេលដែលគេមិនប្រុងប្រយ័ត្ននឹងខ្ញុំ។ ចុងក្រោយ គេគ្មានអ្វីលាក់នឹងខ្ញុំបានទេ។ គេតែងតែអោនមុខចុះ ពេលបានជួបខ្ញុំ។ ខ្ញុំតែងតែអស់សំណើចតែក្នុងចិត្ត សង្ស័យតែថ្ងៃណាមួយគេចំពប់ជើងដួលបាក់ធ្មេញអស់ទេ។
ហាស! ហាស!
មតិយោបល់