ពីមុន ខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលមានះ។ ខ្ញុំចង់ឈ្នះអ្នកដទៃគ្រប់រឿង។ ពេលខ្លះ ខ្ញុំធ្វើដូចជាចាញ់ឬសម្ដែងការយល់ស្របជាមួយ...
ថ្ងៃនេះ ទើបខ្ញុំយល់... ឈ្នះឬចាញ់ មិនមែនជាអ្វីដែលខ្ញុំត្រូវការចង់បាននោះទេ។ គោលដៅនៃជីវិតឬគោលដៅក្នុងការធ្វើអ្វីមួយក្នុងជីវិតនេះ មិនមែនជាការឈ្នះឬការចាញ់នោះទេ។ ខ្ញុំជឿថា អ្នកក៏ធ្លាប់ឮមកហើយនូវ (ពុទ្ធ) ភាសិតដែលពោលទុកមកហើយថា «អ្នកឈ្នះតែងប្រទះនូវពៀរ អ្នកចាញ់រមែងដេកជាទុក្ខ»។ ចូរឈ្វេងយល់នូវភាសិតនេះដោយសតិបញ្ញា ការយល់ឃើញត្រូវរបស់អ្នកចុះ។
អ្នកប្រហែលជានឹងសួរខ្ញុំថា ចុះគោលដៅនៃជីវិតឬគោលដៅក្នុងការធ្វើអ្វីមួយក្នុងជីវិតនេះគឺជាអ្វី? ចាំបាច់សួរខ្ញុំដែរ? ខ្ញុំនឹងមិនប្រាប់អ្នកទេ។ អស់ពេលជាងម្ភៃឆ្នាំមកហើយ ខ្ញុំទើបតែបានដឹងនូវចម្លើយនេះ ហើយគឺថ្ងៃនេះឯងដែលខ្ញុំទើបតែបានដឹងជាក់ច្បាស់។ ចូរសិក្សាស្វែងយល់ដោយខ្លួនរបស់អ្នកចុះ ខ្ញុំនឹងមិនប្រាប់អ្នកនោះទេ។
ខ្ញុំគិតថាមានបុគ្គលមួយរូប ដែលអាចផ្ដល់ចម្លើយឲ្យអ្នកបាន តែគួរឲ្យសោកស្ដាយក្រៃលែង ដ្បិតអីបុគ្គលរូបនោះមិនមានវត្តមានលើផែនដីនេះទៀតទេ សល់ត្រឹមតែឈ្មោះដែលមនុស្សបានស្គាល់ដ៏តិចតួចបំផុត។ អ៊ីចឹង ចូរអ្នកសិក្សាស្វែងរកចម្លើយនោះដោយខ្លួនអ្នកទៅចុះ!
សូមឲ្យអ្នកបានរកឃើញចម្លើយដ៏ត្រឹមត្រូវពិតប្រាកដមួយនោះ មុនពេលដែលអ្នកបិទភ្នែកចាកចោលពិភពលោកដ៏ធំល្វឹងល្វើយនេះ។
សូមសេចក្ដីសម្រេចចូរមានដល់អ្នក!
មតិយោបល់