ខ្ញុំទិញសៀវភៅនេះតាំងពីពេលដែលខ្ញុំរៀននៅថ្នាក់វិទ្យាល័យម្ល៉េះ។ ខ្ញុំចាំថា ខ្ញុំអានសៀវភៅនេះជាច្រើនលើកហើយ។ បើខ្ញុំចាំម...
ខ្ញុំទិញសៀវភៅនេះតាំងពីពេលដែលខ្ញុំរៀននៅថ្នាក់វិទ្យាល័យម្ល៉េះ។ ខ្ញុំចាំថា ខ្ញុំអានសៀវភៅនេះជាច្រើនលើកហើយ។ បើខ្ញុំចាំមិនខុសទេ ដងនេះជាលើកទីបួនហើយដែលខ្ញុំអានសៀវភៅនេះ។ កាលទិញសៀវភៅនេះមកភ្លាម ខ្ញុំអានបានពាក់កណ្ដាល ហើយក៏ឈប់អានទៅ។ កាលនោះ ខ្ញុំអានមិនយល់សាច់រឿងទេ ដ្បិត សៀវភៅនេះពេញដោយរឿងមានដំណើរដាប់ទាក់ទងគ្នារដឹក។ ក្រោយមកទៀត ខ្ញុំក៏ចេះតែព្យាយាមយកសៀវភៅនេះមកអាន រហូតដក់ចិត្តនឹងអត្ថសេចក្ដីក្នុងសៀវភៅនេះជាខ្លាំង។ ដោយគិតថា សៀវភៅនេះ សម្បូរដោយគាថាប្រកបដោយអត្ថសេចក្ដីយ៉ាងជ្រាលជ្រៅ ខ្ញុំក៏ចេះតែយកសៀវភៅនេះ មកអានម្ដងហើយម្ដងទៀតជាបន្តបន្ទាប់មក។ ប្រហែលមកពីខ្ញុំអានសៀវភៅនេះច្រើនលើកពេកហើយ ទើបបងស្រីរបស់ខ្ញុំនិយាយថា ខ្ញុំនិយាយអ្វីក៏ដោយក៏ប្រកបដោយហេតុផលដែរ។ ខ្ញុំគិតថា ពាក្យដែលបងស្រីខ្ញុំនិយាយនេះមិនចម្លែកអ្វីនោះទេ ព្រោះស្ទើរតែគ្រប់ទំព័រនៃសៀវភៅនេះពេញដោយពាក្យថា «ព្រោះថា...» យ៉ាងនេះជាដរាប។ ហេតុនេះហើយ ខ្ញុំក៏ក្លាយទៅជាមនុស្សដែលចូលចិត្តលើកហេតុផលមកនិយាយតែម្ដងទៅ។
លើកនេះ ខ្ញុំចាប់ផ្ដើមយកសៀវភៅនេះមកអានតាំងពីដើមឆ្នាំនេះម្ល៉េះ។ ការពិត សៀវភៅនេះមិនចំណាយពេលយូរដើម្បីអាននោះទេ; ប្រហែលមិនដល់មួយសប្ដាហ៍ទេ ក៏អាចអានចប់ទៅហើយ។ ការយឺតយូរនៃការអានដងនេះ ព្រោះខ្ញុំនៅស្ទាក់ស្ទើរក្នុងចិត្ត មិនអាចសម្រេចបាន ហើយក៏ទុកសៀវភៅនេះចោល ដោយងាកទៅអានសៀវភៅផ្សេងជំនួសវិញ។ កាលពីដំបូង ខ្ញុំគិតថានឹងរៀបចំចងក្រងជាសេចក្ដីសង្ខេប ដើម្បីបានជាការងាយដល់អ្នកអានឯក្រោយៗទៀត។ គិតចុះគិតឡើង ខ្ញុំក៏ចាប់ផ្ដើមមានសេចក្ដីរសេមរសាមមិនដាច់ស្រេចក្នុងចិត្តសោះ។ ខ្ញុំគិតថា ហិតោបទេស នេះពេញប្រៀបដោយនិទានជាប់គ្នាមិនដាច់ ហើយប្រមូលផ្ដុំដោយគាថាដែលមានអត្ថសេចក្ដីដ៏ជ្រាលជ្រៅក្រៃលែង។ ការធ្វើសេចក្ដីសង្ខេបមិនមែនជាការល្អប្រពៃអ្វីនោះទេ។ ធ្វើបែបហ្នឹងជាការកាត់បង់ចោលទៅនូវរឿងរ៉ាវនិងអត្ថសេចក្ដីទេតើ...។ គិតឃើញបែបនេះហើយទើបខ្ញុំផ្អាកអានសៀវភៅនេះសិន ដើម្បីបានពេលវេលាពិនិត្យពិចារណាឲ្យបានល្អិតល្អន់បន្តិច។ ឥលូវ ខ្ញុំសម្រេចចិត្តថាមិនធ្វើសេចក្ដីសង្ខេបសៀវភៅនេះទេ។ បើមិត្តអ្នកអានចាប់អារម្មណ៍ចង់អាន សូមអញ្ជើញអានស្វែងយល់ពីសៀវភៅនេះទាំងមូលទៅចុះ។ ខ្ញុំសុំលើកទឹកចិត្តឲ្យមិត្តទាំងអស់គ្នាចំណាយពេលអានសៀវភៅនេះ ដើម្បីបានជាគតិសម្រាប់ដំណើរជីវិតនេះតទៅ។
សូមសេចក្ដីចម្រើនចូលមានដល់អ្នករាល់គ្នា...!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328 S74 1954 Vol.1-4
Cover |
សូមសេចក្ដីចម្រើនចូលមានដល់អ្នករាល់គ្នា...!
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PL 4328 S74 1954 Vol.1-4
មតិយោបល់