វប្បធម៌ និងអំណាចបុគ្គលតែងតែមានឥទ្ធិពលលើគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ប្រសិនណាមិនមានតុល្យភាពអំណាច រវាង តុលាការ សភា និងរដ្ឋាភិបាលដើម្បី...
វប្បធម៌ និងអំណាចបុគ្គលតែងតែមានឥទ្ធិពលលើគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ប្រសិនណាមិនមានតុល្យភាពអំណាច រវាង តុលាការ សភា និងរដ្ឋាភិបាលដើម្បីទប់ស្កាត់មហិច្ឆតាបុគ្គលទេនោះ ។ មនុស្សមានការលោភលន់ គិតប្រយោជន៍ផ្ទាល់ខ្លួន និងតែងតែប្រើប្រាស់អំណាចបុគ្គលលើសលប់ទៅលើអ្នកទន់ខ្សោយ និង អ្នកគ្មានអំណាច ។
នៅក្នុងគ្រួសារហិង្សាមួយ ឪពុកធ្វើការធំ ឈ្មោះ មិនខ្វល់ បានទទួលភ្ញៀវនៅក្នុងផ្ទះរួចហើយភ្ញៀវត្រឡប់ទៅផ្ទះវិញបាត់ ។ តែឪពុកមិនបានយកកែវទុកឲ្យស្រួលទេ ក៏ទុកចោលលើកម្រាលព្រំនោះ ។ មួយម៉ោងក្រោយមក កូនវាសនាបានត្រឡប់មកពីវិទ្យាល័យវិញ ក៏ដើរចូលផ្ទះមិនបានមើលក្រោមហើយជ្រុលជាន់បែកកែវតែម្តងទៅ ។ ឪពុកបានស្តីបន្ទោសយ៉ាងខ្លាំងរហូតបានប្រើអំពើហិង្សាលើកូនវាសនាយ៉ាងធ្ងន់ធ្ងរទៀតផង ។ កែវនេះថ្លៃណាស់ ដើរមិនមើល ឪពុកបានសួរថាហេតុអ្វីបានជាឯងមិនប្រុងប្រយ័ត្ន ។
ផ្ទុយទៅវិញ នៅថ្ងៃបន្ទាប់ វាសនាបានហូបទឹករួចក៏ប្រញាប់ទៅសម្រាក ហើយភ្លេចកែវទឹកនៅលើកម្រាលព្រំតាមផ្លូវជិតទ្វារចូលចំកន្លែងដែលឪពុកភ្លេចលើកមុន ។ ឪពុកឈ្មោះថាមិនខ្វល់បានមកពីធ្វើការក៏ដើរមិនបានមើលក្រោម ទាត់កែវបែកតែម្តងទៅ ។ ឪពុកបានស្តីបន្ទោសកូនវាសនាយ៉ាងខ្លាំងម្តងទៀតថា ហេតុអ្វីបានជាទុកកែវមិនបានឲ្យត្រឹមត្រូវ ? ស្រែកជេរប្រកបដោយពាក្យអសីលធម៌ និងរហូតដល់ប្រើហិង្សាលើកូនយ៉ាងឃោរឃៅម្ដងទៀត។
កូនមានការគិតសុីជម្រៅ ក៏សួរទៅឪពុកថា ពុកធ្វើការធំ និងមានអ្នកនៅក្រោមឱវាទច្រើន និងមានពលរដ្ឋជាច្រើនទៀតផង នៅពេលលោកឪពុកបានធ្វើដូចនេះលើអ្នកដទៃរាល់ថ្ងៃដោយពុំបានពិចារណាដូចខ្ញុំនេះ មានអ្នករងគ្រោះច្រើនណាស់ ដែលរងគ្រោះដោយការមិនបានគិតឲ្យបានច្បាស់លាស់របស់លោកឪពុក កូនបានសួរបន្តថា តើពេលណាឪពុកឈប់ធ្វើបែបនេះ ។
លោកឪពុកជេរប្រមាថគេ ថាជាពាក្យធម្មតា តើដល់ពេលគេជេរវិញពុកគិតយ៉ាងម៉េចដែរ !
លោកឪពុកឲ្យគេកាប់ឈើស្ទើរវិនាស និងក្លាយជាអ្នកមានលុយរាប់ពាន់លានបែរជារួចខ្លួន តែគេកាប់បន្តិចបន្តួចបែរជាជាប់ពន្ធនាគារ ។ តើយ៉ាងដូចម្តេចទៅ ?
គេប្រើពាក្យមិនសូវល្អរបស់ឧត្តមមន្រ្តីម្នាក់ដាក់មន្ត្រីសាធារណៈ ឪពុកដកគេពីតំណែង តើឪពុកជេរគេ គំរាមគេរាល់ថ្ងៃយ៉ាងណាដែរ ?
ករណីការប្រព្រឹត្តិនេះរបស់ឪពុកម្នាក់ឯងបានជះឥទ្ធិលខ្លាំងបែបនេះទៅហើយ ចុះមន្រ្តីរបស់ឪពុកបានរៀនតាម ធ្វើតាម តើមានភាពអយុត្តិធម៌បែបណាដែរ ! ឪពុកបានឆ្លើយទាំងបំពានថា កុំចេះ ឯងជាកូន យើងជាឪពុក យើងជាអ្នកធំ ចង់ធ្វើអ្វីក៏បាន នរណាប្រឆាំង ត្រូវចាប់ដាក់ពន្ធនាគារ ។
លោកឪពុកតែងតែប្រព្រឹត្តិបែប មាន់ដែលឪពុកចង់សម្លាប់យកមកហូប ឪពុកតែងតែចោទថាមាន់នោះឈឺ ឬមានជម្ងឺ បើទោះមាន់នោះជា ឬធម្មតាក៏ដោយ ។ តែផ្ទុយទៅវិញ ពេលដែលមាន់ឪពុកចង់រក្សាទុក បើទោះជាមាន់នោះឈឺ ក៏ឪពុកត្រូវឲ្យគេយកទៅព្យាបាលដែរ ។
មនុស្សមានកំហុសច្រើនលើសលប់លោកឪពុកថា គេថាមនុស្សល្អ ឡើងតំណែង និងទទួលបានការកោតសរសើរ តែផ្ទុយទៅវិញ មនុស្សស្អាតស្អំ ស្មោះត្រង់ ទន់ភ្លន់ មានភាពជាអ្នកដឹកនាំល្អ បើកចំហរ និងតាមគោលការណ៍ប្រជាធិបតេយ្យ លោកឪពុក ចោទគេថាមនុស្ស ឆ្គួត ឡប់ ល្ងង់ និង មិនចេះធ្វើការទៅវិញ។ តើឪពុកជាមនុស្សបែបណា?
អ្នកដឹកនាំល្អត្រូវមានទំនួលខុសត្រូវខ្ពស់ ដោះស្រាយបញ្ហាដោយខ្លួនឯង មិនបន្ទោសអ្នកក្រោម និង មិននាំរឿងដល់ថ្នាក់លើ ។
សូមតាមដានរឿងទី១៦ បន្ត
មតិយោបល់