មន្រ្តីបីនាក់បានជជែកគ្នាពីកន្លែងការងារ មន្រ្តីម្នាក់ឈ្មោះថាស្អាតស្អំបាននិយាយថា ខ្ញុំធ្វើការជាង២០ឆ្នាំហើយ នៅតែជាបុគ្គលិកការរិយាល័យដដែល និង...
មន្រ្តីបីនាក់បានជជែកគ្នាពីកន្លែងការងារ មន្រ្តីម្នាក់ឈ្មោះថាស្អាតស្អំបាននិយាយថា ខ្ញុំធ្វើការជាង២០ឆ្នាំហើយ នៅតែជាបុគ្គលិកការរិយាល័យដដែល និងកាំប្រាក់ឡើងបានពីរបីកាំ ។ មន្រ្តីម្នាក់ទៀតឈ្មោះថាជើងពីរបានឆ្លើយថា មកពីមិត្តឯងចេះតែជំនាញបច្ចេកទេសមួយមុខ ។
មិត្តឯងមិនអាចឡើងធំ និងបានកាំប្រាក់ច្រើនបានទេ លុះត្រាតែចេះជំនាញនយោបាយមួយទៀត ។ មន្រ្តីស្អាតស្អំបានសួរបន្តថា ចេះជំនាញនយោបាយយ៉ាងដូចម្តេចទៅ ? មន្រ្តីជើងពីរបានស្តីបន្ទោសឲ្យថា ងាប់ហើយ ធ្វើការជាង២០ឆ្នាំអត់ចេះជំនាញនយោបាយ ! ជំនាញនយោបាយ ចេះលុត ចេះក្រាប ចេះលើកជើងមេ ចេះដើរជើងទា ចេះកាន់ស្បែកជើង ចេះហែហម ចុះមូលដ្ឋានជាមួយមេ ចេះរុកកួនគេឲ្យធ្លាក់ពីតំណែងដើម្បីមានឱកាសឡើងខ្លួនឯង ចេះអែបអបមេ ចេះហៃអើតាមមេ ចេះរៀនប្រើពាក្យស្រេចតែមេ មេថាត្រូវគឺត្រូវ មេថាខុសគឺខុស និងសុខចិត្តស្ថិតនៅក្រោមបាតជើងមនុស្សម្នាក់ ឬមេ ឲ្យតែបានជាន់គេមួយអង្គភាព ឬមួយនគរ ។ល។ តើមិត្តឯងដឹងហើយឬនៅ !
មន្រ្តីម្នាក់ទៀតឈ្មោះថាមន្រ្តីជើងបីមានប្រសាសន៍ថា មិត្តឯងចេះតែបច្ចេកទេស និងចេះតែជំនាញនយោបាយដូចសំឡាញ់ជើងពីរ មិនទាន់គ្រប់គ្រាន់ទេ ! មិត្តត្រូវចេះជំនាញទីបីមួយទៀត ។
មិត្តស្អាតស្អំបានសួរបន្តថា ជំនាញទី៣ ស្អីទៅ ? មិត្តជើងបីបានឆ្លើយថា ទោះជាអ្នកមិនដែលរៀនសេដ្ឋកិច្ចក៏ដោយ ឲ្យតែធ្វើការជារាជការប្រាក់ខែតិចបែបនេះត្រូវចេះជំនាញសេដ្ឋកិច្វ ។
ជំនាញសេដ្ឋកិច្ចត្រូវចេះសុំបុងសាំង ចេះដាក់ឈ្មោះបេសកកម្ម ចេះយកសម្ភារៈលក់ ចេះរៀបចំសិក្ខាសាលា ចេះរត់ការសុំលិខិតស្នាម ចេះសូកមេ ចេះដាក់ស្រោមសំបុត្រឲ្យមេពេលការ បុណ្យ ខួបកំណើត បង្កក់កូន ចេះជួយកូន ប្រពន្ធមេ ចេះយកការងារក្រុមហ៊ុនយើងមកធ្វើកន្លែងការងារ ចេះរៀបចំមេរៀនបង្រៀនតាមមហាវិទ្យានៅក្នុងម៉ោងការងារ ចេះធ្វើការពីរកន្លែង និងចេះសេដ្ឋកិច្ចជាន់ខ្ពស់ ។
បុរសស្អាតស្អំបានសួរទៀតថា ចេះសេដ្ឋកិច្ចជាន់ខ្ពស់យ៉ាងដូចម្តេច ? សេដ្ឋកិច្ចជាន់ខ្ពស់ លក់អាគាររដ្ឋឲ្យមេខ្លះ ចាប់ដីរដ្ឋឲ្យមេខ្លះ បើកក្រុមហ៊ុន ឲ្យមេមានភាគហ៊ុនដោយមិនចាំបាច់ដាក់ដើមទុន បើកសាលារៀន និង ក្រុមហ៊ុនធំៗដើម្បីលាងលុយឲ្យមេ ។
មន្រ្តីស្អាតស្អំបានឆ្លើយថា ស្លាប់ហើយ ខ្ញុំមិនចេះជំនាញទាំងពីរនេះទេព្រោះខ្ញុំមិនដែលរៀន ។ មន្រ្តីឈ្មោះជើងពីរ និងជើងបីប្រាប់ថា បើមិត្តមិនចេះទេ អ្នកគួរសុំឈប់សម្រាកអត់យកប្រាក់ខែទៅ ឬ សុំឈប់ធ្វើការងាររដ្ឋរហូតទៅ ។ បើមិនដូចនេះទេ មិត្តអាចខកចិត្តអស់មួយជីវិត ។
សូមជនរួមជាតិ មេត្តាចូលរួមជួយឲ្យរដ្ឋាភិបាលរៀបចំនីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើស តែងតាំង ដំឡើងឋានៈដល់មន្រ្តីរាជការនិងកងកម្លាំងដោយផ្អែកតាម ៖ ជំនាញវិជ្ជាជីរៈ សមត្ថភាព បទពិសោធន៍ គុណភាពការងារ និងប្រជាប្រិយភាពផ្ទៃក្នុង និងជួយចូលរួមលុបបំបាត់នូវការជ្រើសរើស និង តែងតាំងដោយផ្អែកលើខ្សែបក្ស សាច់ញាតិ និង មាសប្រាក់ ។
សូមតាមដានរឿងកំប្លែងទី៣ និងរហូតដល់ទី៩៩
មតិយោបល់