កំហុស (បទកាកគតិ) កើតក្នុងលោកា ជាតិជាមនុស្សា ឥតខុសគ្នាទេ ពីតូចដល់ធំ ទាំងខ្ញុំទាំងគេ ខុសឆ្គងហូរហែ រាល់តែវេលា។ ...
កំហុស
(បទកាកគតិ)
(បទកាកគតិ)
កើតក្នុងលោកា ជាតិជាមនុស្សា ឥតខុសគ្នាទេ
ពីតូចដល់ធំ ទាំងខ្ញុំទាំងគេ ខុសឆ្គងហូរហែ
រាល់តែវេលា។
ខុសតូចខុសធំ បើរៀបប្រមុម ផ្ដុំគរចូលគ្នា
ធំជាងភពផែន ដីដែនលោកា ខ្ពស់ជាងវេហាស៍
រៀបរាប់ពុំបាន។
ដូចនេះគួរដឹង ដូចតែគ្នាហ្នឹង យើងគេគ្រប់ប្រាណ
ពុំល្អគ្រប់ដប់ ត្រលប់ជាខាន កំហុសតែងមាន
ក្នុងជនលោកិយ។
ជារឿងធម្មតា កំហុសនានា តូចធំចាស់ថ្មី
តែសូមអាណិត ជួយគិតជួយលៃ ជួយកែជួយច្នៃ
ដោយក្ដីមេត្តា។
បើឃើញគ្នាខុស កុំឡើយបន្តុះ បង្អាប់ពោលថា
ឌឺដងដាក់គ្នា កើតជាទោសា ខុសឆ្គងយ៉ាងណា
សូមប្រណីផង។
ជួយបង្ហាញផ្លូវ ឲ្យគ្នាស្គាល់ត្រូវ តែកំហុសឆ្គង
បើបានជ្រុលខុស កំហុសនេះម្ដង ជួយកែគ្នាផង
ឲ្យស្គាល់ត្រូវពិត។
បើគ្នាដឹងខុស កុំឡើយប្រឹងព្រួស ពិសទោសអតីត
គួរជួយសារទេរ ត្រេកអរក្នុងចិត្ត ព្រោះគ្នាចេះគិត
ខុសពិតចេះកែ។
ខុសឆ្គងតែងមាន សូមជនគ្រប់ប្រាណ ជួយតម្រូវប្រែ
កុំប្រកាន់ទោស កើតហួសហូរហែ សូមផ្ដល់ក្ដីស្នេហ៍
កែកំហុសឆ្គង។
ភ្នំពេញ, ១២ ធ្នូ ២០១៥ស្មេរ៖ ហេង-រង្សី
មតិយោបល់