វិលវិញម្ចាស់ស្នេហ៍! (បទកាកគតិ) លោកាប្ដូរផ្លាស់ មេឃមីរដេរដាស់ បាត់សុរិយា វាយោប្រែស្ងប់ ស្រពាប់រុក្ខា បក្សីបក្សា ប្រែស្ង...
វិលវិញម្ចាស់ស្នេហ៍!
(បទកាកគតិ)
លោកាប្ដូរផ្លាស់ មេឃមីរដេរដាស់ បាត់សុរិយា
វាយោប្រែស្ងប់ ស្រពាប់រុក្ខា បក្សីបក្សា
ប្រែស្ងាត់ជ្រងំ។
ព្រោះតែបាត់អូន ទ្វីបលោកស្ទើរសូន្យ ធ្លាក់ក្នុងទុក្ខធំ
សព្វសត្វក្នុងលោក ទួញសោកស្រែកយំ ព្រោះបាត់រូបម៉ុម
ម្ចាស់ទ្វីបលោកិយ។
បាត់អូនទៅណា ឱ! ម្ចាស់ស្នេហា នឹកណាស់ម្ចាស់ស្រី
នឹកធ្លាប់សាសង នឹងបងថ្មីៗ នឹកអស់អ្វីៗ
ដែលបានកន្លង។
តើអូនដឹងទេ រៀមទុក្ខឥតល្ហែ ព្រោះនឹកនួនល្អង
បើអូនបានដឹង ព្រលឹងចិត្តបង វិលវិញស្នេហ៍ស្នង
សាសងជាថ្មី។
ត្រលប់វិលវិញ ព្យាបាលម្នោម្នេញ ជំងឺស្នេហ៍ស្រី
វិលមកសាសង នឹងបងភក្ដី លែបខាយសម្ដី
ភាសាបេះដូង។
ទន្ទឹងចាំអូន ចាំស្រស់មាសស្ងួន វិលមករកបង
បាត់អូនរៀមនឹក ស្រស់ស្និទ្ធស្នេហ៍ស្នង រៀមផុតសៅហ្មង
បើស្រីវិលវិញ។
កោះធំ, ១៣ វិច្ឆិកា ២០១៥ស្មេរ៖ ហេង-រង្សី
មតិយោបល់